បញ្ជូនមេខ្លោងគ្រឿងញៀនជាតិកូរ៉េ ៣នាក់ ចេញពីកម្ពុជា


Drug Korea 26 02 16 2 copy Drug Korea 26 02 16 1 copy

     ជន​សង្ស័យ​មេខ្លោង​ជួញ​ដូរ​គ្រឿង​ញៀន ៣នាក់ ត្រូវ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ វិញ ។ ជន​សង្ស័យ​ជា​មេខ្លោង​គ្រឿង​ញៀន​ទាំង​បី ត្រូវ​បាន​បញ្ជូន​ចេញ​ពី​កម្ពុជា​កាល​ពី​ម៉ោង ១១​យប់ ថ្ងៃ​ទី​២៤ ខែ​កុម្ភៈ ឆ្នាំ ២០១៦ តាម​ព្រលាន​យន្ត​ហោះ​អន្តរ​ជាតិ ភ្នំពេញ ។

     តំណាង​រដ្ឋអាជ្ញា និង​នគរបាល​នៃ​សាធា​រណ​រដ្ឋ​កូរ៉េ សរុប​ចំនួន ៧នាក់ ត្រូវ​គេ​ឃើញ​ចាំ​ទទួល​យក​ពួក​ឧក្រិដ្ឋ​ជន​ខាង​លើ បន្ដ​ទៅ​កាន់​ប្រទេស​កូរ៉េ តាម​ជើង​យន្ដ​ហោះ​លេខ K690 និង​លេខ QZ740 ។ ជន​សង្ស័យ​ជា​ឧក្រិដ្ឋ​ជន​ខាង​លើ ត្រូវ​បាន​សមត្ថ​កិច្ច​កម្ពុជា​ចាប់​ខ្លួន​ជា​បន្ដ​បន្ទាប់​នៅ​ប៉ោយ​ប៉ែត និង​សៀម​រាប ដែល​បាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ឆ្លង​ដែន តាម​ការ​ស្នើ​សុំ​សហ​ការ​ចាប់​ពី​កូរ៉េ​ខាង​ត្បូង ខណៈ​ពួក​គេ​កំពុង​លាក់​ខ្លួន​នៅ​ក្នុង​ទឹកដី​កម្ពុជា ។

     ឧក្រិដ្ឋ​ជន​គ្រឿង​ញៀន​ទាំង​៣ មាន​ឈ្មោះ SHIN Joungchul ភេទ​ប្រុស កើត​ថ្ងៃ​ទី២០ ខែ​កុម្ភៈ ឆ្នាំ ១៩៦២ ជា​មេ​ខ្លោង​លំដាប់​ទី១ ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ចិន និង​កម្ពុជា ទៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង… ជន​សង្ស័យ​ទី២ឈ្មោះ Lee taehwa ភេទ​ប្រុស កើត​ថ្ងៃ​ទី២៤ ខែ​តុលា ឆ្នាំ ១៩៦៩… ជន​សង្ស័យ​ទី៣ ឈ្មោះ kim In Bae ភេទ​ប្រុស កើត​ថ្ងៃ​ទី១ ខែ​តុលា ឆ្នាំ ១៩៥៩ ។

     ពួក​គេ​ទាំង​ ៣នាក់​នោះ ត្រូវ​អាជ្ញាធរ​កូរ៉េ ជូន​ដំណឹង​ថា ជា​មេ​ខ្លោង​លំដាប់​ទី១ ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​ដែន​ពី​ចិន និង​កម្ពុជា ទៅ​ប្រទេស​កូរ៉េ ខាង​ត្បូង ។