នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ប្រាប់ទាហានបន្តវេន ឱ្យថែរក្សា និងបន្តផ្សព្វផ្សាយពីសារសំខាន់នៃ «តម្លៃសន្តិភាព»


នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានក្រើនរំឮកដល់ នាយទាហាន នាយទាហានរង និងពលទាហានបន្តវេនទាំងអស់ នៅបញ្ជាការដ្ឋានពិសេស ឱ្យបន្តចូលរួមទប់ស្កាត់បុគ្គលណាដែលមានបំណងចង់បំផ្លាញសន្តិភាព និងបន្តថែរក្សាសុខសន្តិភាព ដែលរកបានដោយលំបាកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ការក្រើនរំឮកបែបនេះរបស់ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី៣២, វគ្គហ្វឹកហ្វឺនបំប៉នជំនាញឯកទេសមុជទឹកជំនាន់ទី៥, វគ្គហ្វឹកហ្វឺនបំប៉នបាញ់គ្រាប់ពិតអាវុធថ្មើរជើង អាវុធ SNIPER និងបើកវគ្គហ្វឹកហ្វឺនបណ្តុះបណ្តាលជំនាញកុម្មង់ដូជំនាន់ទី១១ ស្ថិតនៅភូមិដូង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២នេះ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានលើកឡើងយ៉ាងដូច្នេះថា៖ «ទន្ទឹមនឹងទទួលបានប្រយោជន៍ពីសុខសន្តិភាព មានការអភិវឌ្ឍ យើងទាំងអស់គ្នា ត្រូវតែដឹងគុណសុខសន្តិភាព និងអរគុណសន្តិភាព យើងត្រូវតែបន្តរក្សាសុខសន្តិភាពនេះ ឱ្យបានគង់វង្សរហូត ហើយត្រូវប្រឆាំងដាច់ខាតចំពោះបុគ្គលណា ក្រុមណាដែលហ៊ានប្រព្រឹត្ត ឬមានមហិចតា បំផ្លាញសុខសន្តិភាព»

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានលើកឡើងថា ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងចាប់តាំងពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បនេះ ហើយកត្តាសន្តិភាពនេះ ធ្វើឱ្យប្រជាជនខ្មែរទាំងអស់ រស់នៅដោយសុខក្សេមសាន្ត មានជីវភាពល្អប្រសើរ ប្រទេសជាតិមានការរីកចម្រើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ បានបន្តថា បើប្រទេសជាតិមិនមានសន្តិភាពទេនោះ ការរស់នៅរបស់ប្រជាជនក៏ពុំបានសុខ ប្រទេសជាតិក៏គ្មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ ដូច្នេះក្នុងនាមជាប្រជាពលដ្ឋគ្នាត្រូវរួមសាមគីគ្នាការពារឱ្យបាននូវសុខសន្តិភាព ដែលកម្ពុជារកបានដោយលំបាក ចាប់តាំងពីបាតដៃទទេរហូតមានការរីកចម្រើនមកដល់បច្ចុប្បន្ននេះ។

នាយឧត្តមសេនីយ៍បានថ្លែងទៅកាន់គណៈគ្រប់គ្រង យោធាចារ្យ អ្នកបម្រើការរួមទាំងនាយទាហានបន្តវេននៅបញ្ជាការដ្ឋានកងទ័ពពិសេស ដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវ «អរគុណសន្តិភាព អរគុណនយោបាយឈ្នះឈ្នះ និងដឹងគុណស្ថាបនិកមគ្គុទេសក៍ឯក នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ»

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា «សន្តិភាពមានតម្លៃកាត់ថ្លៃមិនបាន ហើយសន្តិភាព គឺជាលក្ខខណ្ឌចាំបាច់បំផុត ក្នុងការកសាង និងការអភិវឌ្ឍសង្គមជាតិ ឱ្យមានការរីកចម្រើន។ បើគ្មានសន្តិភាព ក៏គ្មានការអភិវឌ្ឍ ហើយបើគ្មានសន្តិភាព ក៏គ្មានលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សដែរ»

ចំណែក ឧត្តមសេនីយ៍ឯក ចាប ភក្តី មេបញ្ជាការរង កងទ័ពជើងគោកមេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំនាវាកម្ពុជា ក្រោមមាគ៌ានយោបាយឈ្នះឈ្នះ បានបដិសន្ធិឡើងនូវការផ្សះផ្សារ បង្រួបបង្រួមជាតិ ធ្វើឱ្យកម្ពុជា ឆ្លងផុតពីភ្នក់ភ្លើងសង្គ្រាមផ្ទៃក្នុងជាច្រើនទស្សវត្សរ៍ទទួលបាននូវសុខសន្តិភាព សុខដុមរមនា ប្រជាជនរស់នៅមានជីវភាពធូរធារ និងប្រកបដោយសុភមង្គលផងដែរ៕