អភិបាលខេត្តស្ទឹងត្រែង ដឹកនាំកិច្ចប្រជុំស្វែងរកដំណោះស្រាយដកហូតយកដីបម្រុងរបស់ក្រសួងកសិកម្ម ពីការលួចទន្ទ្រានកាន់កាប់


នារសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំស្តីពីការស្វែងរកដំណោះស្រាយដកហូតយកដី បម្រុងរបស់ក្រសួងកសិកម្មពីជនមួយចំនួនតូច ដែលបានលួចទន្ទ្រានកាន់កាប់ ស្ថិតនៅក្នុងភូមិបានប៊ុង ឃុំភ្លុកស្រុកសេសាន ខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនេះប្រព្រឹត្តដោយមានការចូលរួមពីតំណាងក្រសួងកសិកម្ម អភិបាលរងខេត្ត តំណាងអយ្យការសាលាដំបូងខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ អភិបាលស្រុកសេសាន និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ស្វាយ សំអ៊ាង បានឲ្យដឹងថា ដីបម្រុងរបស់ក្រសួងកសិកម្ម ស្ថិតក្នុងភូមិបានប៊ុង ឃុំភ្លុក ដែលពលរដ្ឋមួយចំនួនលួចទន្ទ្រានកាន់កាប់នាពេលនេះ ជាដីដែលក្រសួងកសិកម្ម មានប្លង់កាន់កាប់ស្របច្បាប់ត្រឹមត្រូវ ដែលដីបម្រុងនេះក្រសួងមានគម្រោងរៀបចំជាមជ្ឈមណ្ឌលស្រាវជ្រាវពិសោធន៍ពូជដំណាំកសិកម្ម។

ឯកឧត្តមបានបន្តថា ដីបម្រុងរបស់ក្រសួងកសិកម្មនេះមានទំហំ ១៩១៤,២៣៦៧ហិកតា។ លោកថា «កន្លងមកអាជ្ញាធរខេត្ត និងក្រសួង ក៏ធ្លាប់បានសហការគ្នាចុះទៅជួបស្វែងដំណោះស្រាយ និងហាមឃាត់កុំឲ្យទន្ទា្រនកាន់កាប់ដោយខុសច្បាប់បន្តទៀត បន្តែជនអនាធិបតេយ្យទាំងនេះ នៅតែបន្តទន្ទា្រនកាន់កាប់បន្តទៀត ដោយមិនព្រមស្តាប់»។

លោក សុវណ្ណ ពិសេដ្ឋ អភិបាលស្រុកសេសាន បានឲ្យដឹងថា ពលរដ្ឋដែលចូលមកទន្ទ្រានកាន់កាប់ដីកម្រុងរបស់ក្រុសួងកសិកម្មនាពេលនេះមានចំនួនសរុបទាំង៥០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះ មិនមែនជាអ្នករស់នៅក្នុងមូលដ្ឋាននោះឡើយ។

លោក សុវណ្ណ ពិសេដ្ឋ បន្តថា ភាគច្រើននៃក្រុមមនុស្សទាំងនេះជាក្រុមចំណូលស្រុកដែលពីមុនបានមកធ្វើកម្មករចំការកៅស៊ូរបស់ក្រុមហ៊ុនក្បែតំបន់នេះ ហើយបានចូលមកកាប់ទន្ទ្រានដោយខុសច្បាប់ នៅលើដីបម្រុងរបស់ក្រសួងកសិកម្មដែលមានប្លង់កាន់កាប់ត្រឹមត្រូវស្របច្បាប់។

គួបញ្ជាក់ថា លទ្ធផល នៃកិច្ចប្រជុំស្វែងរកដំណោះស្រាយនារសៀលថ្ងៃដដែលនេះ លោកអភិបាលខេត្តស្ទឹងត្រែង បានសម្រេចបង្កើតក្រុមការងារដែលសហការជាមួយក្រសួងកសិកម្ម រួមទាំងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរពាក់ព័ន្ធឲ្យចុះទៅអនុវត្តច្បាប់ដកហូតយកដីពីជនទាំងនោះមកវិញ ហើយប្រគល់ក្រសួងកសិកម្មសម្រាប់ប្រើប្រាស់៕