ប្រកាសបញ្ចូលសមាជិកបក្សប្រជាជននៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា ២៣៩នាក់


ឯកឧត្តម ហង់ ពៅ ប្រធានគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា នៃគណៈកម្មាធិការគណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា ចំនួន២៣៩នាក់ នៃចំនួនសមាជិកបក្សថ្មីសរុបចំនួន៩៥៦នាក់ ជាលេីកទី២។

ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាទាំង២៣៩នាក់នេះ បានធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ មានចូលរួមដោយពីអនុប្រធាន សមាជិកគណៈអចិន្ត្រៃយ៍ ប្រធាន អនុប្រធានសាខាបក្ស លេខាធិការដ្ឋាន និងសមាជិក សមាជិកាគណបក្សនៅសណ្ឋាគារប៉ាស៊ីហ្វិក។

នាឱកាសនោះដែរ ឯកឧត្តម ហង់ ពៅ ក៏បានថ្លែងអរគុណសន្តិភាព អគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសកម្ពុជាទទួលបាននូវសុខសន្តិភាព និងភាពរីកចម្រើនគ្រប់វិស័យ។

ឯកឧត្តមបានឱ្យដឹងថា សមិទ្ធផលសំខាន់ៗជាច្រើនរបស់រាជរដ្ឋាភិបាលកម្ពុជារួមមាន៖

* ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងការបើកប្រទេសឱ្យដំណើរការឡើងវិញធ្វើឱ្យវិស័យសេដ្ឋកិច្ចមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសបានដាក់ចេញយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ធ្វើឱ្យមានការថមថយនូវជំងឺកូវីដ១៩ ដែលចំណុចនេះមានការទទួលស្គាល់ និងកោតសរសើរយ៉ាងខ្លាំងទាំងក្នុងកម្រិតជាតិ និងអន្តរជាតិ។

* មានការរីកចម្រើនលើវិស័យហេដ្ឋារចនាសម្ព័ន្ធជាច្រើនដូចជា ស្ពាន ផ្លូវថ្នល់ ដែលពីមុនមានការលំបាកក្នុងការធ្វើដំណើរ តាមការឆ្លងសាឡាងជាដើម ប៉ុន្តែបច្ចុប្បន្នបានតភ្ជាប់ស្ពាន ថ្នល់ពីកន្លែងមួយទៅមួយដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើដំណើរ និងទំនាក់ទំនងគ្នារបស់ប្រជាជន និងសកម្មភាពពាណិជ្ជកម្មផ្សេងៗ។ ដោយឡែក ចំពោះខេត្តសៀមរាបក៏មានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដូចជាការអភិវឌ្ឍផ្លូវ៣៨ខ្សែ ការកែលម្អសោភ័ណភាពតាមដងស្ទឹងសៀមរាប និងកែលម្អសោភ័ណភាពក្នុងតំបន់រមណីយដ្ឋានអង្គរជាដើម។ ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងប្រមុខគណបក្សប្រជាជនកម្ពុជាបានចុះពិនិត្យមើលការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មីនៅខេត្តសៀមរាប។ តាមរយៈនេះខេត្តសៀមរាបនឹងក្លាយជាគោលដៅទទួលទេសចរអន្តរជាតិ តាមជើងហោះហើរឆ្ងាយៗដោយផ្ទាល់។

* ប្រទេសកម្ពុជាក្នុងនាមប្រធានអាស៊ានប្តូរវេនកំពុងត្រៀមខ្លួនរៀបចំកិច្ចប្រជុំកំពូលអាស៊ានធំៗ និងកិច្ចប្រជុំពាក់ព័ន្ធជាច្រើនដែលមានការចូលរួមដោយផ្ទាល់ពីថ្នាក់ដឹកនាំកំពូល នៃបណ្តាប្រទេសដៃគូ ដូចជា សហរដ្ឋអាមេរិក ឥណ្ឌា ជប៉ុន ចិន សហភាពអឺរ៉ុប។

* បានបើកសម្ពោធពហុកីឡាដ្ឋានជាតិដែលជាជំនួយរបស់មិត្តចិន ហើយកំពុងតែត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា Sea Game ឆ្នាំ២០២៣ និងព្រឹត្តិការណ៍សំខាន់ៗជាច្រើនទៀត។

ឯកឧត្តម ហង ពៅ បានបញ្ជាក់ថា ក្រោមការដឹកនាំ និងចង្អុលបង្ហារបស់លោកស្រីបណ្ឌិតសភារ្យ ភឿង សកុណា ប្រធានគណៈកម្មាធិការគណបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរាបានចូលរួមចំណែកជាច្រើនក្នុងវិស័យបេតិកភណ្ឌ ការអភិវឌ្ឍសង្គមជាតិ ទាំងផ្នែកសេដ្ឋកិច្ច និងវប្បធម៌ ជាពិសេសក្នុងខេត្តសៀមរាប បានខិតខំធ្វើយ៉ាងណាឱ្យតំបន់អង្គរមានភាពទាក់ទាញ ហើយប្រាង្គប្រាសាទរក្សាបាននូវភាពគង់វង្ស។

បន្ថែមពីនេះ ឯកឧត្តមថានៅក្នុងកិច្ចការងារអភិរក្សផ្នែកបេតិកភណ្ឌប្រកបដោយចីរភាពនៅតំបន់រមណីយដ្ឋានអង្គរ ត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូ ដែលនេះជាមោទនភាពសម្រាប់គណបក្សមូលដ្ឋានអាជ្ញាធរជាតិអប្សរា ដែលបានចូលរួមចំណែកដើរតួនាទីយ៉ាងសំខាន់ក្នុងប្រវត្តិសាស្ត្រ ធ្វើយ៉ាងណាបន្តកិច្ចការអភិរក្សក្នុងតំបន់អង្គរឱ្យមាននិរន្តភាព ក្នុងនោះដែរ អាយស៊ីស៊ីអង្គរ បានបន្តគាំទ្ររយៈពេល១០ឆ្នាំ ដើម្បីកិច្ចអភិរក្ស និងអភិវឌ្ឍន៍នៅតំបន់អង្គរ។

ក្នុងន័យនេះដែរ ឯកឧត្តមសូមឱ្យសមាជិក សមាជិកាទាំងអស់ធ្វើយ៉ាងណាហ៊ានបកស្រាយទៅវិញ លើមតិអគតិរបស់បុគ្គលមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនាមជាសមាជិក សមាជិកាគម្រូ ត្រូវទៅធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតសកលឆ្នាំ២០២៣ ធ្វើយ៉ាងណារក្សាឱ្យបានសមាជិកម្នាក់មានសម្លេងបោះឆ្នោតលើសពីមួយសន្លឹកឡើងទៅ ដើម្បីគាំទ្រគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសឈានទៅរកការភិវឌ្ឍបន្ថែមទៀត៕