សម្តេចតេជោ ហ៊ុន សែន៖ វ៉ាក់សាំងជំងឺកូវីដ១៩ ជាង២០លានដូសទៀត នឹងបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ ខណៈបច្ចុប្បន្នមានវ៉ាក់សាំងក្នុងឃ្លាំងជាង ១១លានដូស


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាង២០លានដូសបន្ថែមទៀត ដែលជាសន្យាផ្តល់ជូនពីសំណាក់ប្រទេសជាមិត្តនឹងបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ ខណៈបច្ចុប្បន្ននេះ មានវ៉ាក់សាំងនៅក្នុងឃ្លាំងជាង១១លានដូស។

សម្តេចនាយករដ្ឋមន្ត្រីនៃនៃកម្ពុជា បានសង្ឃឹមថា ប្រជាពលរដ្ឋខ្មែរនឹងយល់ពីបំណងប្រាថ្នារបស់សម្តេច ក៏ដូចជារាជរដ្ឋាភិបាលទាំងមូលពីបញ្ហាសុខមាលភាពរបស់ពួកគាត់ ជុំវិញករណីវិបត្តិរាតត្បាតជំងឺកូវីដ១៩ ដូច្នេះ អំពាវនាវដល់អ្នកដែលមិនទាន់បានចាក់ដូសទី៣ ប្រញាប់ទៅចាក់បាននៅគ្រប់កន្លែង មិនថាចាក់ដូសទី២ នៅកន្លែងណានោះទេ ប៉ុន្តែអាចចាក់ដូសទី៣ នៅកន្លែងដែលងាយស្រួលសម្រាប់ខ្លួន។

ក្នុងពិធីប្រគល់-ទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអ៉ីតាលីជាង ១លានដូស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ហើយយើងនឹងមានវ៉ាក់សាំងមកជាបន្តបន្ទាប់ បើតាមគិតយើងនៅសល់វ៉ាក់សាំងជាង២០លានដូសទៀត ដែលជាការសន្យាផ្តល់ឱ្យរបស់មិត្តភក្តិរបស់យើងដែលនឹងបញ្ជូនមកកម្ពុជា ជាបន្តបន្ទាប់ក្នុងពេលដែលវ៉ាក់សាំងនៅក្នុងឃ្លាំងរបស់យើងនៅសល់ជាង១១លានដូស អញ្ចឹងនៅសល់តែ១៦លាននាក់ទៀតទេ ដែលយើងត្រូវចាក់ ប៉ុន្តែ យើងត្រូវចាក់អ្នកដូសទី៤»

នាឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យក្រុមគ្រូពេទ្យទាំងខាងកងទ័ព ស៊ីវិល ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ទម្រង់ឆ្ពោះទៅរកគោលដៅដែលត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលនៅសេសសល់ជាដើម។ទន្ទឹមនឹងនេះដែរ សម្តេចក៏អំពាវនាវជាថ្មីឱ្យប្រជាពលរដ្ឋចាក់វ៉ាក់សាំងដូសទី៣ ដែលជាកាតព្វកិច្ចតម្រូវតែម្តង ដោយកម្ពុជានៅសល់មនុស្សប្រមាណ ៦លាននាក់ទៀត ដែលមិនទាន់ចាក់ដូសទី៣ នៅឡើយ ខណៈពលរដ្ឋជាង១លាននាក់បានចាក់ដូសទី៤។

សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា អត្រាឆ្លង និងស្លាប់ទាបដោយសារជំងឺកូវីដ១៩ នៅកម្ពុជានាពេលនេះ ដោយសារភាពស៊ាំសហគមន៍ ដែលបណ្តាលមកពីការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋកន្លងទៅ។

សូមជម្រាបថា ប្រទេសដែលមានផ្គត់ផ្គង់ជំនួយជាវ៉ាក់សាំងមកកម្ពុជា រួមមាន៖ ប្រទេសចិន, ជប៉ុន អាមេរិក អង់គ្លេស អូស្ត្រាលី ប៉ូឡូញ ហូឡង់ ហុងគ្រី អ៉ីតាលី។

បើយោងតាមរបាយការណ៍ របស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ម្សិលមិញ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,៨៩២,២៦៤នាក់។ ក្នុងនោះរួមមានចាប់ពីអាយុ១៨ឆ្នាំឡើង ១០,២៨៤,០២៧នាក់, ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៣២,១២៦នាក់, ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៥១,៥២៥នាក់, អាយុ៥ឆ្នាំ ៣៨៤,៧០០នាក់ និងអាយុ៣ឆ្នាំដល់៥ឆ្នាំ ៣៣៩,៨៩៦នាក់៕