ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញគោរពវិញ្ញាណក្ខន្ធសពវរសេនីយ៍ទោ កែវ ម៉ារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកចំការលើ


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា នៅរសៀលថ្ងៃ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំសហការី អញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវីរៈសេនីយ៍ទោ កែវ ម៉ារ៉ា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្រុកចំការលើ ដែលបានទទួលមរណៈភាពក្នុងជន្មាយុ ៥៩ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។

សូមបញ្ជាក់ថា ក្រៅពីគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមអភិបាលខេត្តកំពង់ចាម បានចូលបុណ្យនូវថវិកា ១លានរៀល ដល់គ្រួសារសព ដែលបានមូលមតិគ្នាជាឯកច្ឆ័នប្រារព្ធធ្វើពិធីបុណ្យរនុប្បទានគម្រប់ខួប ៧ថ្ងៃ ដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខ័ន្ធនៃសពលោក កែវ ម៉ារ៉ា ដែលបានទទួលមរណភាព ថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៧:៤០នាទីព្រឹក ក្នុងជន្មាយុ៥៩ ឆ្នាំ ដោយរោគាពាធ ស្ថិតនៅគេហដ្ឋាននៃសព ក្នុងភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម៕