សម្ដេចតេជោ ហ៊ុន សែន៖ ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនបាច់ទុកទេ


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ជាថ្មីថា ស្ថាប័នសារព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ និងរំលោភច្បាប់ មិនចាំបាច់ទុកនោះទេ ត្រូវលុបបំបាត់ចោលតែម្ដងទៅ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា បច្ចុប្បន្ននេះមានមនុស្សជាច្រើនពាន់នាក់ កំពុងប្រកបអាជីពអ្នកសារព័ត៌មាន ដូច្នេះកុំទៅខ្វល់ជាមួយអ្នកដែលលើកឡើងអំពីព័ត៌មានដែលប្រព្រឹត្តខុស ហើយត្រូវបានលុបបំបាត់នោះ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «និយាយពីសេរីភាពនៃសារព័ត៌មាន សារព័ត៌មានណាអាក្រក់ឲ្យវាទៅៗ។ មនុស្សរាប់ពាន់នាក់ រាប់ម៉ឺននាក់ កំពុងតែធ្វើព័ត៌មានរាល់ថ្ងៃ មិចក៏ចាំគិតសារព័ត៌មានដែលវាអាក្រក់ប៉ុន្មាននាក់។ ស្ថាប័នព័ត៌មានមួយចំនួន ដែលមិនត្រឹមត្រូវ រំលោភច្បាប់ នាំគ្នាទៅគិតអាហ្នឹង គិតអាភាគតិច អត់គិតអាភាគច្រើនទេ»

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មនុស្សមួយចំនួនចូលចិត្តតែនិយាយអំពីសារព័ត៌មានដែលប្រព្រឹត្ដខុស ហើយត្រូវដកអាជ្ញាប័ណ្ណ ប៉ុន្ដែមិនបាននិយាយអំពីសារព័ត៌មានជាច្រើន ដែលកំពុងដំណើរការនាពេលបច្ចុប្បន្ននៅកម្ពុជា។

សូមរំលឹកថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ ក្រសួងព័ត៌មាន បានសម្រេចបិទចោលនូវសារព័ត៌មាន សំឡេងប្រជាធិបតេយ្យ (VOD) បន្ទាប់ពីសារព័ត៌មាននេះ ផ្សាយបំភ្លៃថា លោក ហ៊ុន ម៉ាណែត ជាអ្នកចុះហត្ថលេខាជំនួស សម្តេចតេជោ ហ៊ុន សែន ក្នុងការផ្តល់ជំនួយទៅប្រទេសតួកគី។

គិតត្រឹមខែកញ្ញា ឆ្នាំ២០២២ អង្គភាពសារព័ត៌មានជាតិ និងបរទេស ដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន២,១៥៤អង្គភាព (ផ្សាយបែបបុរាណ និងបែបទំនើប) មានការកើនឡើងចំនួន៥៥៨អង្គភាព បើធៀបនឹងឆ្នាំ២០១៨ ស្មើនឹង២៧,៣០ភាគរយ។ ចំនួនអង្គភាពសារព័ត៌មានជាតិ និងបរទេស ព្រមទាំងអ្នកសារព័ត៌មានជាតិ និងបរទេស មានការកើនឡើងជារៀងរាល់ឆ្នាំ ដែលនេះបានបង្ហាញអំពីលំហរសេរីភាពសារព័ត៌មាននៅកម្ពុជា៕