សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសគាំទ្រចំពោះប្រសាសន៍របស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៉ីប្រាហ៉ីម ដែលហាមមហាអំណាចលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួន។ សម្តេចចាត់ទុកថា លោក អាន់វ៉ា ពេលនេះគឺជាដៃគូដ៏ល្អរបស់សម្តេចតែម្តង។
ថ្លែងក្នុងសម្ពោធដាក់ឱ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ប៉ុន្មានថ្ងៃមុន គាត់បានប្រកាសថា ប្រទេសមហាអំណាចគួរបញ្ឈប់ការដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ខ្ញុំគាំទ្រណាស់ ខ្ញុំមានដៃគូមួយដ៏ល្អនៅក្នុងអាស៊ានទៀតហើយ រឿងអីរឿងរបស់កម្ពុជា ហើយលូកដៃមកទាំងបំពាន»។
សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា នាពេលកន្លងទៅ មានប្រទេសមហាអំណាចមួយចំនួនបានមកប្រដៅកម្ពុជា អំពីប្រជាធិបតេយ្យ និងការបែងចែកអំណាចសម្រាប់ស្ថាប័នទាំងបី ប៉ុន្តែក្រោយមកទៀតពួកគេបែរមកលូកលាន់នៅក្នុងកិច្ចការងារតុលាការទៅវិញ ហើយមកបង្ខំនាយករដ្ឋមន្ត្រី ឬមន្ត្រីរាជរដ្ឋាភិបាល ឱ្យទៅជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងតុលាការ។
សម្តេចបានបន្ថែមថា «អញ្ចឹងម្ខាងអ្នកឯងមកប្រដៅខ្ញុំអញ្ចឹង និងម្ខាងអ្នកឯងមកសង្កត់ខ្ញុំអញ្ចុះ»។ សម្តេចបន្តទៀតថា ក្នុងកិច្ចការរបស់កម្ពុជា កម្ពុជាត្រូវមានជំហរឯករាជ្យរបស់ខ្លួន និងត្រូវមានដៃគូទូលំទូលាយ គ្រប់មុខព្រួញទាំងអស់ ហើយកម្ពុជាអត់ធ្វើសត្រូវនឹងប្រទេសណាទេ។
សូមបញ្ជាក់ថា ថ្លែងក្នុងវេទិកាមួយដែលរៀបចំដោយសាកលវិទ្យាល័យ ស៉ីងហួ (Tsinghua) នៃទីក្រុងប៉េកាំង កាលពីចុងសប្តាហ៍មុន លោក អាន់វ៉ា អ៉ីប្រាហ៉ីម បាននិយាយថា ម៉ាឡេស៊ី នឹងមិនអនុញ្ញាតឱ្យមហាអំណាចណាមួយ មកបង្គាប់បញ្ជាលើការសម្រេចចិត្ត ឬទិសដៅអនាគតរបស់ខ្លួនទៀតឡើយ៕