ឯកឧត្តម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្តរតនគិរី នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានកោតសរសើរមន្ទីរអង្គភាព និងអាជ្ញាធរពាក់ព័ន្ធ ដែលបានខិតខំបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមមូលដ្ឋានយ៉ាងល្អប្រសើរនាពេលកន្លងមក។
ឯកឧត្តម ណាប់ ប៊ុនហេង ក៏បានលើកឡើងចំណុចសំខាន់ៗមួយចំនួន សម្រាប់ឲ្យមន្ត្រីមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធយកទៅអនុវត្តឲ្យមានប្រសិទ្ធភាព ដោយឲ្យមន្ត្រីមន្ទីរអង្គភាព អាជ្ញាធរពាក់ព័ន្ធត្រូវពិនិត្យ និងតាមដានរាល់បញ្ហា សំណូមពរខ្វះខាតរបស់បងប្អូនប្រជាពលរដ្ឋ ធ្វើយ៉ាងណាឆ្លើយតបទៅពួកគាត់ឲ្យបានទាន់ពេលវេលា។
ជាពិសេសបន្តអនុវត្តឲ្យបាននូវគោលនយោបាយភូមិ-ឃុំ សង្កាត់មានសុវត្ថិភាពឲ្យបានល្អប្រសើរជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ និង ត្រូវជំរុញឲ្យបានល្អក្នុងការងារផ្តល់សេវាសាធារណៈគ្រប់ប្រភេទ និងគ្រប់ជ្រុងជ្រោយ ជូនដល់បងប្អូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ ធ្វើយ៉ាងណាដើម្បីបំពេញតម្រូវការចាំបាច់ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា និងទទួលបាននូវទំនុកចិត្តខ្ពស់ពីប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តរតនគិរី នាពេលនេះ បានធ្វើការ ពិនិត្យកូរ៉ុម ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៤៥របស់ក្រុមប្រឹក្សាខេត្ត។ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍ស្តីពីការអនុវត្ត ការងាររបស់រដ្ឋបាលខេត្ត ប្រចាំខែមីនា និងលើកទិសដៅការងារប្រចាំខែ មេសា ឆ្នាំ២០២៣។ ពិនិត្យពិភាក្សា និងអនុម័ត សេចក្តីព្រាងស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ប្រចាំឆ្នាំ២០២២ និងទិសដៅការងារប្រចាំឆ្នាំ២០២៣ផងដែរ៕