អភិបាលខេត្តព្រះសីហនុ ជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារសមាគម រួមគ្នាដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្ត


ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយគ្រួសារសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលមានសមាជិកសមាគមចូលរួមចំនួនជាង៣០០នាក់នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

នៅក្នុងកម្មវិធីនោះ លោក ង៉ែត សំណាង ប្រធានសមាគមរួមគ្នារួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុ បានធ្វើរបាយការណ៍ពីសកម្មភាពការងាររបស់សមាគម ដែលបានចូលរួមធ្វើ សកម្មភាពការងារសង្គមក្នុងក្រុងព្រះសីហនុដូចជា ការចូលរួមសំអាតបរិស្ថានក្នុងក្រុងព្រះសីហនុបានចំនួន១៧ដង, បានចូលរួមថវិកាជូនសមាជិកដែលទទួលមរណភាព សមាជិកស្រ្តីសម្រាលកូន និងបងប្អូនជួបគ្រោះថ្នាក់ចរាចរណ៍ជាដើម ខណៈដែលសមាគមមានសមាជិកជាង១,០០០នាក់។

ឯកឧត្តម គួច ចំរើន បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមបានចូលរួមការងារសង្គមក្នុងក្រុងព្រះសីហនុ។ លោកបានបន្តថា «យើងបានសង្កេតឃើញអំពីសកម្មភាពរបស់សមាគមធ្វើយ៉ាងច្រើនមានដូចជា បញ្ហាអនាម័យ បរិស្ថាន និងសួរសុខទុកបងប្អូនសមាជិកនាពេលកន្លងមក ព្រមទាំងបានខិតខំប្រឹងប្រែងធ្វើការងារជាប់ជាប្រចាំ រួមសុខរួមទុក្ខជាមួយអាជ្ញាធរ ការចូលរួមសម្អាតបរិស្ថានធ្វើឱ្យស្ថានភាពទីក្រុងរបស់យើងល្អប្រសើរ។ កន្លងមកទីក្រុងរបស់យើងត្រូវបានគេរិះគន់ពីអនាម័យ បរិស្ថាន តែដោយសារមានការចូលរួមរបស់បងប្អូនក្នុងការចូលរួមវេចខ្ចប់សំរាម ធ្វើឱ្យទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរឡើង។ ទន្ទឹមនោះក្រុងយើងត្រូវមានសុវត្ថិភាព បរិស្ថានល្អ និងសេវាល្អ ទាមទារឲ្យយើងមានការអប់រំផ្សព្វផ្សាយ អប់រំដល់សមាជិកឱ្យទីក្រុងរបស់យើងស្អាត បងប្អូនជាអ្នកប្រមាញ់ទីក្រុង ព្រោះបងប្អូនមានផលរបរនៅតាមដងផ្លូវ សំខាន់រឿងសន្តិសុខ ស្នើសុំជួយគ្នាដើម្បីទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់ សុវត្ថិភាព»

ឯកឧត្តមអភិបាលខេត្ត ក៏បានសុំឱ្យបងប្អូនរបស់យើងជួយផ្តល់ព័ត៌មានពីសកម្មភាពមិនប្រក្រតីមកដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងនាមបងប្អូនជាអ្នកប្រមាញ់ទីក្រុង។ បងប្អូនត្រូវជួយផ្តល់ព័ត៌មាន ករណីមានក្រុម ចោរលួច ឆក់ ពិសេសក្រុមលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈក្នុងក្រុងព្រះសីហនុ យើងរួមគ្នាបង្ការ ទប់ស្កាត់ ដើម្បីឱ្យក្រុងរបស់យើងមានភ្លើងបំភ្លឺផ្លូវដែលជាប្រយោជនសាធារណរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ យើងត្រូវចេះស្រឡាញ់គ្នា ចេះជួយគ្នាក្នុងពេលមានគ្រាអាសន្ន។

ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ ឯកឧត្តម គួច ចំរើន សុំបងប្អូនចូលរួមជាមួយអាជ្ញាធរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំតុបតែងផ្ទះសំបែងលើកកម្ពស់សោភ័ណភាពទទួលទេវតាឆ្នាំថ្មីព្រោះទីក្រុងរបស់យើងជាទីក្រុងទាក់ទាញភ្ញៀវទេសចរ។ ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសបើកកិច្ចប្រជុំមេគង្គ ដូច្នេះយើងត្រូវចេះញញឹមរាក់ទាក់ បង្កើតវប្បធម៌ការទាក់ទាញរីករាយសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ត្រូវមានគុណធម៌តាមរយៈការផ្តល់សេវាដឹកជញ្ជូនគ្រប់ប្រភេទ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដើម្បីឱ្យសមាគមរួមគ្នា ដើម្បីអភិវឌ្ឍន៍កម្ពុជា និងចលនាសេដ្ឋកិច្ចក្រៅប្រព័ន្ធសាខាខេត្តព្រះសីហនុយកទៅប្រើប្រាស់ក្នុងការជួយសម្រួលជីវភាពខ្វះខាតរបស់សមាជិកក្នុងសមាគម៕