ឯកឧត្តមអភិបាលខេត្តក្រចេះ ណែនាំមន្រ្តីអាវុធហត្ថដែលត្រូវទៅហ្វឹកហ្វឺននៅភ្នំជំរាយ ត្រូវប្រឹងប្រែងរៀនសូត្រ គោរពវិន័យ ដើម្បីត្រឡប់មកបម្រើជាតិមាតុភូមិវិញ


ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានណែនាំយោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះចំនួន៤០នាក់ដែលទើបជ្រើសរើសថ្មី ឱ្យត្រូវខិតខំប្រឹងប្រែងរៀនសូត្រ និងគោរពវិន័យក្នុងពេលទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ (ភ្នំជំរាយ) ដើម្បីត្រឡប់មកបម្រើជាតិមាតុភូមិវិញប្រកបដោយសមត្ថភាព។

ឯកឧត្តមអភិបាលខេត្តណែនាំដូច្នេះ ក្នុងពិធីសំណេះសំណាល និងជូនដំណើរយោធិននៃកងរាជអាវុធហត្ថខេត្តក្រចេះចំនួន៤០នាក់ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ នាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣ មុនចេញដំណើរហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)។

លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បានថ្លែងថា ដោយបានទទួលគោលការណ៍របស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ខេត្តក្រចេះបានរៀបចំឱ្យយោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មីនេះ ចេញដំណើរទៅហ្វឹកហ្វឺននៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជំរាយ)។

លោកឧត្តមសេនីយ៍ត្រី សាន្ដ ប៊ុនថាន បានបន្តថា បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះបានអបរសាទរចំពោះយុវជនស្ម័គ្រចិត្តចូលបម្រើកងយោធពលខេមរភូមិន្ទ ក្នុងក្របខណ្ឌកងរាជអាវុធហត្ថដែលមានលក្ខណសម្បិត្តជាប់ជាស្ថាពរក្នុងការប្រឡង ហើយត្រូវបានស្នើសុំបញ្ជូលក្របខណ្ឌកងយោធពលខេមរភូមិន្ទ។

នាឱកាសនោះ ឯកឧត្តម វ៉ា ថន បានកោតសរសើរវាយតម្លៃខ្ពស់ចំពោះអនុគណៈកម្មការជ្រើសរើសយោធិនកងរាជអាវុធហត្ថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដែលបានរៀបចំជ្រើសរើសយោធិននៃកងរាជអាវុធហត្ថប្រកបដោយតម្លាភាព យុត្តិធម៌ នាពេលកន្លងទៅ។

ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណចំពោះអាណាព្យាបាល ដែលបានអនុញ្ញាតឱ្យកូនចៅចូលរួមប្រឡលងជ្រើសរើសយោធិនកងរាជអាវុធហត្ថ ដើម្បីបម្រើការកងយោធពលខេរភូមិន្ទ ដើម្បីចូលរួមថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សង្គម ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ឯកឧត្តមក៏បានផ្ដាំផ្ញើដល់កងកម្លាំងយោធិននៃកងរាជអាវុធហត្ថទាំង៤០នាក់ ត្រូវចង់ចាំនូវចំណុចសំខានៗមួយចំនួន ដែលកងរាជអាវុធហត្ថត្រូវអនុវត្ត៖
ទី១. ត្រូវគោរពវិន័យ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។
ទី២. ត្រូវគោរពដាច់ខាតតាមរដ្ឋធម្មនុញ បទដ្ឋានគតិយុត្ត លក្ខន្តិកៈ បទបញ្ជា វិន័យរបស់់កងយោធពលខេរភូមិន្ទ។
ទី៣. ត្រូវខិតខំរៀនសូត្រ រក្សាសាមគ្គីភាព និងវិន័យរបស់សាលា។
ទី៤. អនុវត្តឲ្យបានម៉ឺងម៉ាត់នូវរាល់បញ្ជាការចាត់តាំងរបស់នាយឧត្តមសេនីយ៍ សៅ សុខា។
ទី៥. ត្រូវខិតខំអនុវត្តតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថដែលបានប្រគល់ជូននៅពេលដែលបិទវគ្គ និងរៀនចប់។
ទី៦. ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់បំផុតចំពោះការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងទប់ស្កាត់ពួកជ្រុលនិយមដែលមានបំណងផ្ដួលរំលំរដ្ឋាភិបាលស្របច្បាប់។

អាណាព្យាបាលរបស់កងកម្លាំងយោធិននៃកងរាជអាវុធហត្ថទាំង៤០នាក់ បានសម្ដែងនូវទឹកចិត្តត្រេកអរសប្បាយចិត្ត ពេលដែលកូនប្រឡងជាប់ជាកងកម្លាំងកងរាជអាវុធហត្ថ ហើយពួកគាត់នឹងជំរុញលើកទឹកចិត្តកូនចៅឱ្យខិតខំសិក្សារៀនសូត្រ និងហ្វឹកហាត់ ដើម្បីត្រឡប់មកបម្រើជាតិមាតុភូមិវិញប្រកបដោយសមត្ថភាព៕