សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចំពោះមរណភាពមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ែន សាអ៊ុន ម្តាយបង្កើតរបស់ឯកឧត្តមរដ្ឋមន្ត្រី។
តាមរយៈសារលិខិតនេះ សម្តេចបានបញ្ជាក់ថា៖ «ខ្ញុំ និងភរិយា មានសេចក្តីក្រៀមក្រំយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា មហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្តម បានទទួលមរណភាព នៅថ្ងៃចន្ទ ៥កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១៩:០០នាទី ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។
ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយបង្កើត ម្តាយក្មេក ជីដូន ជីដូនទួតជាទីគោរពស្រលាញ់ពោរពេញទៅដោយ ព្រហ្មវិហារធម៌ដ៏ល្អប្រពៃនិងមិនចេះរីងស្ងួត ក្នុងការអប់រំបុត្រធីតាទាំងអស់ប្រកបដោយការទទួលខុសត្រូវ ខ្ពស់បំផុត។ ទោះបីរូបកាយរបស់ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន បាន បាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅស្ថិតស្ថេរក្នុងសន្តានចិត្តកូនៗ ចៅៗ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។
សូមវត្ថុស័ក្ដិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដល់ដួង វិញ្ញាណក្ខន្ធ មហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ន សាអ៊ុន បានទៅកាន់សុគតិភពកុំបី ឃ្លៀងឃ្លាតឡើយ។
សូម ឯកឧត្តមបណ្ឌិតសភាចារ្យ ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនាចែករំលែក ទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ និងភរិយា»៕