ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង រៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ


ក្រសួងបរិស្ថាន សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង បានបើកសិក្ខាសាលាស្ដីពីការផ្សព្វផ្សាយច្បាប់ ពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដល់មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ មន្រ្តីឧទ្យានុរក្ស មន្រ្តីអនុវត្តន៍ច្បាប់ និងអាជ្ញាធរដែនដី នៅក្នុងខេត្តបាត់ដំបង។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា «សិក្ខាសាលានេះ មានគោលបំណងបញ្ជ្រាបចំណេះដឹង និងពង្រឹងសមត្ថភាព ដល់មន្រ្តីអនុវត្តន៍ច្បាប់ ព្រមទាំងផ្សព្វផ្សាយអំពីច្បាប់ ពាក់ព័ន្ធនឹងការការពារ គ្រប់គ្រង អភិរក្សបរិស្ថាន និងធនធានធម្មជាតិ ខណៈមន្រ្តីអនុវត្តន៍ច្បាប់ គឺជាតួអង្គដ៏សំខាន់ ក្នុងការចូលរួមសហការ និងការពារតំបន់ការពារ ធនធានធម្មជាតិ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ»

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងឱ្យដឹងបន្ថែមថា ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង មានតំបន់ការពារធម្មជាតិចំនួន ៧កន្លែង ដែលចាំបាច់ត្រូវការពារ និងអភិរក្សយ៉ាងម៉ឺងមាត់បំផុត ដើម្បីជាឧត្តមប្រយោជន៍ចំពោះប្រទេសជាតិ និងកូនចៅជំនាន់ក្រោយ។

ដីនៅក្នុងតំបន់ការពារធនធានធម្មជាតិ គឺជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មិនអាចជាកម្មវត្ថុ ក្នុងការទិញលក់បានឡើយ។ រាល់ការបញ្ជាក់ទទួលស្គាល់ដឹងឮ លើលិខិតទិញលក់ដី ក្នុងតំបន់ការពារធនធានធម្មជាតិ ត្រូវបានមោឃភាពចោលជាអាសារបង់ ហើយបុគ្គលដែលពាក់ព័ន្ធទាំងអស់ ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន។

ក្នុងឱកាសនោះឯកឧត្តម ឆាយ ម៉ាទីណាល់ អភិបាលរងខេត្ត បានលើកឡើងថា ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធវិស័យបរិស្ថាន និងធនធានធម្មជាតិ រួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹង សមត្ថភាព របស់មន្រ្តីអនុវត្តន៍ ច្បាប់ ក្នុងការបង្រ្កាបបទល្មើសពាក់ព័ន្ធនឹង ធនធានធម្មជាតិនៅក្នុងតំបន់ ការពារធនធានធម្មជាតិ ក្នុងភូមិសាស្រ្ត ខេត្តបាត់ដំបង និងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕