រដ្ឋមន្ត្រីសុខាភិបាល៖ គិតត្រឹម៤ខែដើមឆ្នាំនេះ ជំងឺគ្រុនចាញ់ប្រភេទសន្ធំ មានតែ១ករណីប៉ុណ្ណោះ នៅខេត្តស្ទឹងត្រែង


រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានបញ្ជាក់ថា គិតត្រឹម៤ខែដើមឆ្នាំ២០២៣នេះ ជំងឺគ្រុនចាញ់ប្រភេទ សន្ធំ (ធ្ងន់) មានចំនួន ២១ករណីនៅទូទាំងប្រទេស ក្នុងនោះសម្រាប់ខេត្តស្ទឹងត្រែងមានតែ១ករណីប៉ុណ្ណោះ។

ការគូសបញ្ជាក់យ៉ាងដូច្នេះរបស់ ឯកឧត្តមសាស្ត្រាចារ្យ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ក្រោមប្រធានបទ «នេះជាពេលដែលគ្រុនចាញ់ត្រូវសូន្យ តាមរយៈការវិនិយោគច្នៃប្រឌិត និងការអនុត្ត» ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ នៅវិទ្យាល័យតេជោ សៀមប៉ាង ស្ថិតក្នុងភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។

ទិវាជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់នេះ ក៏មានចូលរួមពីអង្គការសុខភាពពិភពលោក អង្គការដៃគូ ក្រសួង-ស្ថាប័នពាក់ព័ន្ធ សិស្សានុសិស្ស ព្រមទាំងមន្ត្រីសុខាភិបាល សរុបប្រមាណ ៧៥០នាក់។

ឯកឧត្តមសាស្ត្រាចារ្យបានថ្លែងបន្តថា «គិតត្រឹម៤ខែដើមឆ្នាំ២០២៣នេះ ជំងឺគ្រុនចាញ់ប្រភេទសន្ធំ នៅក្នុងខេត្តស្ទឹងត្រែង មានចំនួន តែ១ករណីប៉ុណ្ណោះ។ ចំពោះជំងឺគ្រុនចាញ់ប្រភេទសន្ធំនេះ នៅទូទាំងប្រទេសមានចំនួន២១ករណី បានថយចុះខ្លាំង បើធៀបនឹងឆ្នាំ២០២២ ចំនួន១០១ករណី។ តែទោះជាយ៉ាងយើងនឹងខិតខំប្រឹងប្រែងបន្តទៀតជាមួយអង្គការដៃគូ និងក្រសួងស្ថាប័ន ដើម្បីលុបបំបាត់ជំងឺគ្រុនចាញ់ប្រភេទសន្ធំនេះ នៅឆ្នាំ២០២៣ និងឈានទៅលុបបំបាត់ទាំងស្រុងនូវជំងឺគ្រុនចាញ់គ្រប់ប្រភេទ នៅឆ្នាំ២០២៥ខាងមុខ»

ឯកឧត្តមរដ្ឋមន្ត្រី ម៉ម ប៊ុនហេង បានថ្លែងបន្តថា បច្ចុប្បន្ននេះ ការព្យាបាលជំងឺគ្រុនចាញ់ ក្នុងរយៈពេលខ្លី បានជាសះស្បើយ តាមរយៈការប្រើឱសថព្យាបាល។ ចំពោះការចម្លងជំងឺគ្រុនចាញ់ គឺតាមរយៈមូសដែកគោលញី បានទៅខាំពីមនុស្សម្នាក់ដែលមានជំងឺគ្រុនចាញ់ ហើយបានទៅខាំមនុស្សទៀត។ ដូច្នេះដើម្បីបង្ការជំងឺគ្រុនចាញ់ ត្រូវសម្រាកនៅក្នុងមុង បើចូលព្រៃត្រូវទាក់ទងជាមួយអ្នកស្ម័គ្រចិត្តភូមិ ដើម្បីទទួលបានមុង អង្រឹងជ្រលក់ថ្នាំ លេបថ្នំាមុនចូលព្រៃ និងពេលចេញពីព្រៃវិញត្រូវធ្វើតេស្តឈាមរកជំងឺគ្រុនចាញ់។

សូមជម្រាបថា បើគិតត្រឹម៤ខែដើមឆ្នាំ២០២៣នេះ ជំងឺគ្រុនចាញ់គ្រប់ប្រភេទ (ចំនួន៤ប្រភេទ) មានចំនួន ១៨៥ បានថយចុះខ្លាំង បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២ មានចំនួន៨៩៧ករណី។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត (ម.គ.ច)៕