នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅបន្តខែកញ្ញា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សស្រុក និងក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ត្រឡាច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ លោក លោកស្រី ជាអនុប្រធាន និងសមាជិកសមាជិកាគណបក្សចុះមូលដ្ឋានឃុំ សមាជិក សមាជិកាសាខាគណបក្សអង្គភាពជុំវិញស្រុក សមាជិកសមាជិកាគណៈកម្មាធិការគណបក្សឃុំ សរុបចំនួន ២៦២នាក់ ស្រីចំនួន ៤២នាក់។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណចំពោះវត្តមានរបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក ថ្នាក់ឃុំទាំងអស់ ដែលបានចូលរួមកិច្ចប្រជុំនាពេលនេះ។ ជាមួយគ្នានោះដែរ ប្រធាន និងតំណាងគណៈកម្មាធិការគណបក្សឃុំទាំង១០ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្តរបស់ឃុំ ដោយផ្តោតសំខាន់លើការងារចុះឈ្មោះក្នុងប្រព័ន្ធរបស់សមាជិក សមាជិកាគណបក្ស ការប្រកាសទទួលស្គាល់នូវសមាជិក សមាជិកាគណបក្សថ្មី ការងារសាងសង់សាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំ ការជួយសម្របសម្រួលជូនដល់បងប្អូនជនភៀសសឹក និងពលករដែលមកពីប្រទេសជិតខាងឱ្យទទួលបានឱកាសការងារនៅក្នុងមូលដ្ឋាន ការងារកសិកម្ម និងការងារផ្សេងៗទៀត។
ជាកិច្ចបញ្ចប់នេះ ឯកឧត្តមបណ្ឌិត ក៏បានកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាចគ្រប់ជាន់ថ្នាក់ទាំងអស់ ដែលបានលះបង់នូវធនធានថវិកា សម្ភារៈ ពេលវេលា និងកម្លាំងកាយចិត្ត ជួយជ្រោមជ្រែង និងបំពេញយ៉ាងខ្ជាប់ខ្ជួននូវភារកិច្ចការងារតាមការចាត់តាំងរបស់គណបក្ស ដេីម្បីឈានទៅការសម្រេចឱ្យបាននូវការអនុវត្តគោលនយោបាយរបស់គណបក្ស ក្នុងការជួយទប់ទល់ ដោះស្រាយពីបញ្ហា ទុក្ខលំបាកប្រជាពលរដ្ឋ និងជាពិសេសធ្វើជាអ្នកបម្រើប្រជាពលរដ្ឋគ្រប់កាលៈទេសៈ៕












