ឯកឧត្តម ថោ ជេដ្ឋា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ


នាព្រឹកថ្ងៃសៅរ៍ ៧កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្ដស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៥ នេះ ឯកឧត្តម ថោ ជេដ្ឋា អនុប្រធានគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកស្ទោង ព្រមទាំងឯកឧត្តម នួន ផារ័ត្ន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងក្នុងអង្គពិធី ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍បញ្ជាក់ថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ចិនជើង គឺជាសមិទ្ធផលថ្មីបន្ថែមមួយទៀតរបស់គណបក្សប្រជាជនកម្ពុជាស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីបម្រើឱ្យការបំពញកិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា និងបម្រើឱ្យរដ្ឋបាលគណបក្ស ព្រមទាំងផ្តល់នូវភាពងាយស្រួលជាទីកន្លែងក្នុងការជួបប្រជុំ ការប្រមូលផ្តុំ និងការធ្វើសកម្មភាពនានារបស់គណបក្សនៅក្នុងមូលដ្ឋានឃុំ។ ទន្ទឹមនឹងនេះ សំណង់អគារថ្មី ក៏បង្ហាញពីភាពរឹងមាំរបស់គណបក្សដែលមានភាពចាស់ទុំខាងនយោបាយ ហើយបានបង្ហាញឱ្យឃើញពីការត្រៀមលក្ខណៈរួចជាស្រេច ដើម្បីរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈ។
ក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធាន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាទាំងអស់ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ។
ឯកឧត្តមរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ក្រុមការងារគណបក្សទាំងអស់ ត្រូវបន្តរួបរួមសហការគ្នាជាធ្លុងមួយ សាមគ្គីភាព ឯកភាពជាតិ ការពារសន្តិភាព និងចូលរួមឱ្យកាន់តែសកម្មក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដើម្បីសម្រេចឱ្យបានសមិទ្ធផលថ្មីៗជាច្រើនថែមទៀត ជាពិសេសត្រូវពង្រឹងការផ្តល់សេវាសាធារណៈផ្សេងៗឱ្យបានលឿន និងប្រកបដោយគុណភាព ហើយត្រូវត្រៀមជានិច្ចក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ព្រមទាំងបន្តអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ពិសេសបញ្ហាគ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់ ការឆបោក និងសកម្មភាពក្មេងទំនើងជាដើម ដោយអនុវត្តឱ្យបានហ្មត់ចត់បំផុតតាមគោលការណ៍ច្បាប់ជាធរមាន។
សូមបញ្ជាក់ថា ស្រុកស្ទោងមានប្រជាជនចំនួន ១៤៥៧៨៩នាក់ ស្រី ៧៤១២០នាក់ សមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៥៨៨៨១នាក់ ស្រី ៣២៨៣៤នាក់ មានសាខាបក្សចំនួន ២០៣ និងគ្រួសារបក្សចំនួន ២០៩៣៦គ្រួសារ ក្នុងនោះឃុំកំពង់ចិនជើងមានសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន ៣៦១៤នាក់ ស្រី ២០១១នាក់ និងមានចំនួន ៨សាខាបក្ស។ សមិទ្ធផលសំណង់អគារគណបក្សប្រជាជនកម្ពុជាដែលទើបសាងសង់ថ្មីហើយសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះមានទំហំ ៩ម៉ែត្រគុណ១៤ម៉ែត្រ ដោយមានបំពាក់គ្រឿងបរិក្ខារនានា មានការសាងសង់របងថ្មី និងចាក់ដីបំពេញទីធ្លាផងដែរ៕