ល្ងាចនេះ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញជាអធិបតីភាពបិទការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២


សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅល្ងាចថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតីភាពបិទជាផ្លូវការ ព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ។

ពិធីនេះនឹងប្រព្រឹត្តយ៉ាងមហោឡា​រិក ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់់ នៃរាជរដ្ឋាភិបាលកម្ពុជា ប្រតិភូ​កី​ឡាជនមានពិការភាពអាស៊ាន ភ្ញៀវជាតិ អន្តរជាតិ អត្តពលិកជនមានពិការភាព និង​មហា​ជនប្រមាណ៧ម៉ឺននាក់។

កម្មវិធីជាច្រើននឹងត្រូវប្រារព្ធឡើង​ក្នុងពិធីបិទជាផ្លូវការនេះ ដូចជា សម្ដែងចម្រៀង «កម្ពុជាចែងចាំង» ដោយក្រុមកុមារសាលាមធ្យមសិល្បៈ, ការសម្ដែងការអប់រំកាយគុនល្បុក្កតោ, ដង្ហែក្បួនអត្តពលិកជនពិការ, សម្ដែងចម្រៀង «ភាសាបេះដូង», ដង្ហែក្បួនអ្នកស្ម័គ្រចិត្ត, ទស្សនាវីដេអូខ្លី៣នាទី, ពិធីពន្លត់ភ្លើងគប់, ពិធីបង្ហូតទង់ចុះ (APSF), ពិធីផ្ទេរទង់ (APSF) និងគោរពទង់ជាតិថៃ, ការសម្ដែងទស្សនីយភាពស្វាគមន៍ប៉ារ៉ាហ្គេម លើកទី១៣ របស់ថៃ, សិល្បៈចម្រៀងខ្មែរ, ចម្រៀង «កម្ពុជាសូមអរគុណ» និងអុជកាំជ្រួចអប​អរសាទរ។

កីឡាអាស៊ានប៉ារ៉ាហ្គេម គឺជាការប្រកួតកីឡាជនមានពិការភាពក្នុង​ប្រទេស​​ទាំង១១នៅអាស៊ីអាគ្នេយ៍។ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ បានត្រូវធ្វើឡើងចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣។

ការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា គឺមានកីឡា ១៣ប្រភេទ និងកីឡាបង្ហាញ ១ប្រភេទ (មិនគិតមេដាយក្នុងតារាងមេដាយ) ត្រូវបានដាក់ឲ្យប្រកួតរួមមានកីឡាអត្តពលកម្មជនពិការ, ហែលទឹកជនពិការ, បាល់បោះរទេះ, បាល់ទះអង្គុយ, វាយកូនឃ្លីលើតុជនពិការ, វាយសីជនពិការ, បាល់ទាត់ជនពិការភ្នែក, បាល់ទាត់ចលករខួរក្បាល, បាល់បោះជនពិការ, លើកទម្ងន់ជនពិការ, យូដូជនពិការ, បូស្យា និងកីឡាអុក ។ រីឯកីឡាបង្ហាញ គឺកីឡាអេឡិចត្រូនិកច (E-Sports)។ សរុបវិញ្ញាសាប្រកួតទាំងអស់ គឺមាន ៤២៩វិញ្ញាសា។

គិតត្រឹមម៉ោង ១២៖០០នាទីថ្ងៃត្រង់ នាថ្ងៃទី០៩ ខែមិថុនានេះ ម្ចាស់ផ្ទះកម្ពុជា កើនមេដាយសរុប ៧០គ្រឿង ឈរលេខរៀងទី៨ រួមមាន៖ មេដាយមាស ៩, ប្រាក់ ១៨ និងសំរឹទ្ធ ៤៣គ្រឿង, ខណៈក្រុមឥណ្ឌូនេស៊ី នៅតែឈរនាំមុខកំពូលតារាង ដោយបន្តរកបានមេដាយសរុប ៤០១គ្រឿងជាបណ្តោះអាសន្ន, នៃព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

បន្ទាប់ពីបញ្ចប់ការធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា នៅឆ្នាំ២០២៣នេះ ភារកិច្ចបន្ដត្រូវបានប្រគល់ជូនប្រទេសថៃ ដើម្បីធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១៣ ឆ្នាំ២០២៥៕