សម្ដេចតេជោ ហ៊ុន សែន កោតសរសើរមេបញ្ជាការ និងយោធិន នៃកងពលតូចលេខ៧០ ដែលបានខិតខំ និងពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិ


សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានកងពលតូចលេខ៧០ ដែលបានខិតខំប្រឹងប្រែងគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា ពិសេសរក្សាសន្ដិសុខ ស្ថេរភាពសង្គម។

ការកោតសរសើររបស់សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ធ្វើឡើងនៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា នៃកងពលតូចលេខ៧០។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ៧០ នៃកងយោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង»

សម្ដេចតេជោ ហ៊ុន សែន ក៏បានចូលរួមអបអរសាទរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ៧០ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈតែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា។

ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ៧០។

បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឲ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់ សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន។

សម្ដេចបានសង្កត់ធ្ងន់ថា កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវា ថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិល ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម។

យោងតាមរបាយការណ៍បញ្ជាការដ្ឋានកងពលតូចលេខ៧០ បានឱ្យដឹងថា សមិទ្ធ​ដែល​ជា​ចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់កងពលតូចលេខ៧០ រួមមាន៖

១៖ អគារន្ទីរពេទ្យ «មរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោម​ចៅ» មានទំហំ ១៥.១០ម៉ែត្រ គុណ ៤៣.៨០ម៉ែត្រ។ មានជម្រៅ ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) កម្ពស់ ០៤ជាន់ ដែលតាមជាន់នីមួយៗមានដូចខាងក្រោម៖
– ជាន់ផ្ទាល់ដីមានផ្នែកសង្គ្រោះបន្ទាន់ ផ្នែកពិនិត្យជំងឺទូទៅ បន្ទប់ពិសោធន៍ បន្ទប់អេកូ និងបន្ទប់ឆ្លុះ X-Ray។
– ជាន់ទី១៖ មានបន្ទប់សម្រាកព្យាបាលចំនួន ១១បន្ទប់ និងបន្ទប់ផ្ទុកសម្ភារៈពេទ្យនិងឪសថមាន ចំនួន០២បន្ទប់ សរុប ១៣បន្ទប់
⁃ ជាន់ទី២៖ មានបន្ទប់សំរាកព្យាបាល ចំនួន០៨បន្ទប់ បន្ទប់វះកាត់ ចំនួន០១បន្ទប់ បន្ទប់សន្តំមាន ចំនួន ០១បន្ទប់ សរុប១០បន្ទប់
⁃ ជាន់ទី៣៖ មានបន្ទប់សម្រាកព្យាបាលជំងឺចំនួន ០៦បន្ទប់ ក្នុងនោះបន្ទប់ VVIP ចំនួន ០១បន្ទប់ និងបន្ទប់ VIP ចំនួន ០៥បន្ទប់

២៖ អគារស្នាក់នៅទ័ពពិសេស សាលប្រជុំ ចំណតរថក្រោះ ចំណតឡាន មានទំហំ ១៩ម៉ែត្រ x ៧១.៥០ម៉ែត្រ កម្ពស់ ៤ជាន់។ ជាន់ផ្ទាល់ដីជាចំណតរថក្រោះ, ជាន់ទី១ ជាចំណតរថយន្ត, ជាន់ទី២ ជាបន្ទប់ស្នាក់នៅសម្រាប់កងទ័ពពិសេស, ជាន់ទី៣ ជាសាលប្រជុំធំ ដែលមានបំពាក់ផ្ទាំង LED និងប្រព័ន្ធសម្លេងទំនើប។

៣៖ អគារប្រពៃណីកងពលតូចលេខ៧០ មានទំហំ ១២,៦ម៉ែត្រ x ៤៥ម៉ែត្រ មាន ១ជាន់ផ្ទាល់ដី ដែលមានតាំងបង្ហាញប្រវត្តិ និងស្នាដៃរួមរបស់កងពលតូចលេខ៧០។

៤៖ អគារស្នាក់នៅទ័ពនារី មានទំហំ ១៤ម៉ែត្រ x ៤៦ម៉ែត្រ កម្ពស់ ៣ជាន់ ស្មើនិង​ចំនួន ២០បន្ទប់។

សូមបញ្ជាក់ថា កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយ​មក​កែ​សម្រួល​​ទៅ​ជាវរ​សេនាធំលេខ៧០ ដែលមានភារកិច្ចការពារថ្នាក់ដឹកនាំជាន់​ខ្ពស់​ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការ​ពារ​ជាតិ។ កងពលតូច​លេខ៧០ ក៏ជា​តម្រួត​យោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យ​សណ្តាប់ធ្នាប់របស់​យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិ​សុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ៕