(ពោធិ៍សាត់)៖ បន្ទាប់ពីបញ្ចប់បេសកកម្ម នៅស្រុកវាលវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ, នាថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូមិអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ បានបន្តបេសកកម្មចុះពិនិត្យ ព្យាបាល វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅស្នាក់ការគណបក្សស្រុកក្រគរ និងនៅវិទ្យាល័យ សម្តេច ហ៊ុន សែន ឈើតុំ បានជាង២ពាន់នាក់។
លោក ជិត ប៊ុណ្ណារ៉ា ជាអ្នករៀបចំសម្របសម្រួល ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត ឯកឧត្តម កែវ រតនៈ បានថ្លែងឱ្យដឹងថា៖ ការផ្ដល់សេវាពិនិត្យ ព្យាបាល វាស់ភ្នែក និងចែកជូនវ៉ែនតា ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ ក្នុងឃុំឈើតុំ នាឱកាសនេះ គឺជាសកម្មភាពមនុស្សធម៌ដូចគ្នា នៅឯស្រុកវាលវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងស្នាក់ការគណបក្សស្រុកក្រគរម្សិលមិញ ដើម្បីផ្តល់ការយកចិត្តទុកដាក់ ចំពោះសុខភាពភ្នែក ជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់បក្សពួក ពូជសាសន៍ សាសនា និងនិន្នាការនយោបាយឡើយ។
ជាក់ស្តែង នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្ត របស់ឯកឧត្តម កែវ រតនៈ ចំនួន១៦នាក់ ដោយបានកិច្ចសហការជាមួយគណៈគ្រូពេទ្យខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមយុវជន និងសិស្សានុសិស្ស បានបន្តបេសកកម្មមនុស្សធម៌នេះ នៅវិទ្យាល័យ សម្តេច ហ៊ុន សែន ឈើតុំ ដោយទទួលពិនិត្យអ្នកជំងឺភ្នែក បានចំនួន១,២៣៦នាក់, ចែកជូនវ៉ែនតា បានចំនួន១,២៣៦នាក់, ជូនថ្នាំព្យាបាលភ្នែក បានចំនួន៤០៧នាក់ និងអ្នកជំងឺត្រូវបញ្ជូនទៅវះកាត់ភ្នែក ចំនួន៦១នាក់ យ៉ាងយូរ១អាទិត្យ ដោយឥតគិតថ្លៃ។
អ្នកសម្របសម្រួលរូបនោះ បានបន្ថែមថា ក្នុងបេសកកម្មមនុស្សធម៌ ដែលនៅឆ្ងាយពីមន្ទីរពេទ្យបង្អែក យើងក៏គ្រោងបញ្ជាទិញ រថយន្តសម្រាប់វះកាត់ភ្នែក និងគ្រឿងសម្ភារៈបរិក្ខាពេទ្យទំនើបៗមួយចំនួន ដើម្បីធ្វើការវះកាត់ភ្នែកនៅនឹងទីកន្លែងផ្ទាល់ ក្រោយទទួលការពិនិត្យ និងពិគ្រោះយោបល់ ដើម្បីជួយសម្រួលបន្ទុកសេវាចំណាយរបស់ប្រជាពលរដ្ឋ បានមួយកម្រិត។ សកម្មភាពមនុស្សធម៌នេះដែរ ក៏ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលបាននិងកំពុងតែយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។
សូមជម្រាបជូនថា នៅស្នាក់ការគណបក្សស្រុកក្រគរម្សិលមិញ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ឯកឧត្តម កែវ រតនៈ បានទទួលពិនិត្យអ្នកជំងឺភ្នែក បានចំនួន១,១១០នាក់, ចែកជូនវ៉ែនតា បានចំនួន៩៨៦នាក់, ជូនថ្នាំព្យាបាលភ្នែក បានចំនួន៣៣០នាក់ និងអ្នកជំងឺត្រូវបញ្ជូនទៅវះកាត់ភ្នែក ចំនួន៥៤នាក់៕