មន្ដ្រីជាន់ខ្ពស់កសិកម្ម អំពាវនាវឲ្យចូលរួមអនុវត្ដរាល់វិធាននានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី


(បាត់ដំបង)៖ ឯកឧត្តម ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវឲ្យចូលរួម អនុវត្ដរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។

ការអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម ចាន់ សារុទ្ធ អញ្ជើញជាអធិបតីភាព ក្នុងទិវាពិភពលោកប្រយុទ្ធប្រឆាំង និងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២៣។

ក្នុងទិវានេះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួងកសិកម្ម, អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។ ពិធីនេះ រៀបចំធ្វើឡើង នៅវត្ដភ្នំស្លឹក ភូមិបឹងអំពិល ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តម ចាន់ សារុទ្ធ បានឲ្យដឹងថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធប្រឆាំង និងការធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ឆ្នាំ២០២៣ គឺក្នុងន័យបង្ហាញអំពីឆន្ទៈ ការប្តេជ្ញាចិត្ត និងការចូលរួមជាមួយពិភពលោក ក្នុងក្របខ័ណ្ឌ នៃការអនុវត្តអនុសញ្ញាព្រមទាំងដើម្បីលើកទឹកចិត្ត និងបង្កើនចំណាប់អារម្មណ៍ដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ឲ្យបានយល់ជ្រួតជ្រាបអំពីព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

ដើម្បីចូលរួមអបអរសាទរក្នុងទិវាពិភពលោក ដ៏មានអត្ថន័យនេះ ឯកឧត្តម ចាន់ សារុទ្ធ សូមផ្ដល់នូវសារគន្លឹះមួយចំនួន ជូនអង្គពិធីទាំងមូល ដើម្បីពិចារណាអនុវត្តបន្តដូចតទៅ៖

១៖ ត្រូវអនុវត្តកសិកម្មប្រកបដោយដ៏រន្តរភាព និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយយកគោលការណ៍ប្រព័ន្ធអេកូឡូស៊ីជាមូលដ្ឋាន។ ទន្ទឹមនឹងនេះ ក៏ត្រូវកំណត់អត្តសញ្ញាណ និងផ្សព្វផ្សាយអំពីការអនុវត្តកសិកម្មល្អ ប្រកបដោយភាពឆ្លាតវៃ ជាមួយនឹងការប្រែប្រួលអាកាសធាតុ និងត្រូវធ្វើឲ្យប្រសើរឡើងដល់គ្រប់គ្រងហាងភ័យធម្មជាតិ និងសមត្ថភាពបណ្ដុំនានា ទៅដឹងការផ្លាស់ប្ដូរលក្ខខណ្ឌអាកាសធាតុនៅគ្រប់កម្រិត។

ឯកឧត្តម ចាន់ សារុទ្ធ បន្ដថា ពិសេសយើងទាំងអស់គ្នាត្រូវរួមគ្នាគិតពិនិត្យលទ្ធភាព ឲ្យគ្រប់ជ្រុងជ្រោយដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងឡាយដូចបានរៀបរាប់ខាងលើ សំដៅដល់ការកាត់បន្ថយថ្លៃដើមផលិតកម្ម បង្កើនប្រាក់ចំណូល ធានានិរន្តរភាពបរិស្ថានសម្រាប់ប្រជាជន និងមាតុភូមិយើង។

២៖ ត្រូវអនុវត្តរាល់វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី។ ជាមួយនេះ អង្គភាពជំនាញត្រូវយកចិត្តទុកដាក់ខ្ពស់ ក្នុងការរៀបចំ
កំណត់តំបន់ដីកសិកម្មឲ្យបានសមស្រប និងផ្សព្វផ្សាយឲ្យបានទូលំទូលាយសម្រាប់ទិសដៅយូរអង្វែង។ ទន្ទឹមនឹងនេះ ក៏ត្រូវលើកកម្ពស់គោលនយោបាយប្រើប្រាស់ដីធ្លី និងគោលនយោបាយពាក់ព័ន្ធនានា។

៣៖ អ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមការពារ ស្តារ និងអនុវត្តការប្រើប្រាស់ប្រកប ដោយនិរន្តរភាពនូវធនធានធម្មជាតិ និងប្រព័ន្ធបរិស្ថាន ជាពិសេស គឺចូលរួមទប់ស្កាត់ការអនុវត្ត ឬ សកម្មភាពដែលបង្កឲ្យមានការវិចរិល ឬការធ្លាក់ចុះគុណភាពដី ពោលគឺត្រូវបង្វែរពីការរស់នៅ ដោយពឹងអាស្រ័យលើផល និងអនុផលព្រៃឈើ ព្រមទាំងការអនុវត្តធ្វើកសិកម្មតាមទម្លាប់ បកធ្វើកសិកម្មតាមបែបប្រពលវប្បកម្មទំនើបចម្រុះគ្រប់គ្រងដី ឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ៕