រសៀលនេះសម្តេចតេជោ អញ្ជើញជាអធិបតីប្រជុំបូកសរុប​របាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន


(ភ្នំពេញ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងអញ្ជើញជាអធិបតីប្រជុំបូកសរុបរបាយការណ៍​ប្រចាំ​អាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន។

សូមរំលឹកថា នៅដើមអាណត្តិនីមួយៗ រាជរដ្ឋាភិបាល តែងបានបង្កើត ក្រុមការ​ងារ​ថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត សំដៅគាំទ្រ និងរួមចំណែកជំរុញ​ការ​អនុ​វត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុ​កោណ ដំណាក់កាលទី៤ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និង​កម្មវិធីកំណែទម្រង់​នានា​របស់រាជរដ្ឋាភិបាល។

ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន មានតួនាទីលើកកម្ពស់ការដឹកនាំ សម្រប​សម្រួលគាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់​ការ​ផ្ដល់​សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយបញ្ហានានា ដើម្បីប្រជាពល​រដ្ឋនៅ​មូល​ដ្ឋាន។

ក្នុងការអនុវត្តការងារក្រុមការងារពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការ​ជំនួ​សក្រ​សួង ស្ថាប័ននានាឡើយ។ រដ្ឋមន្ត្រីក្រសួង ប្រធានស្ថាប័ននីមួយៗ​នៅតែមាន​តួ​នាទី និងការទទួលខុសត្រូវស្របតាមគោលការណ៍ច្បាប់ដដែល។ ទន្ទឹមនេះ ក្រុម​ការងារក៏ពុំមានតួនាទីចាត់ចែងកិច្ចការជំនួសរដ្ឋបាលថ្នាក់ក្រោមជាតិ និង​អាជ្ញា​ធរមានសមត្ថកិច្ចនានាឡើយ។

ក្រុមការងារត្រូវដឹកនាំជំរុញដល់រដ្ឋបាលថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាពជំនាញ​នានា ឱ្យលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងារស្របតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវដែលបានកំណត់។

ក្នុងករណីមានបញ្ហាប្រឈមដែលមិនអាចដោះស្រាយបាន ក្រុមការងារត្រូវ​ជំរុញ​ឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធធ្វើការដោះស្រាយ និងធ្វើការតាមដាន ត្រួត​ពិនិត្យអំពីលទ្ធផលនៃការដោះស្រាយដើម្បីរាយការណ៍ជូនរាជរដ្ឋាភិបាល។

យោងតាមរបាយការណ៍របស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានរាជធានី ខេត្ត នីតិកាលទី៦នេះ ក្រុមការងារគ្រប់ថ្នាក់បានរៀបចំ​វេទិកាសាធារណៈ​នៅ​ទូទាំងប្រទេស បានច្រើនជាងក្នុងនីតិកាលទី៥ ចំនួន ៧,៤០២លើក (១០ ៤២១លើក/៣,០១៩លើក) មានប្រជាពលរដ្ឋចូលរួមច្រើនជាងអាណត្តិទី៥ ចំនួន ៦៧៧,៧០៩នាក់ (១,០៥៤,៤៣០នាក់/៣៧៦,៧២១នាក់)។

ជាមធ្យមភាគ អ្នកចូលរួមក្នុងវេទិកាសាធារណៈ១លើក មានចំនួនប្រមាណ​១១៣​នាក់ នៅអាណត្តិទី៦ ប្រៀបធៀបនឹងអាណត្តិទី៥ មានអ្នកចូលរួម ១២៥នាក់។

វិស័យអភិវឌ្ឍន៍ជនបទ វិស័យសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ វិស័យគ្រប់​គ្រង​រដ្ឋបាលដីធ្លី វិស័យធនធានទឹក និងឧតុនិយម វិស័យអប់រំ យុវជន និង​កីឡា និងវិស័យសាធារណការ និងដឹកជញ្ជូន មានប្រមាណ ៦៤ភាគរយ នៃ​បញ្ហាទាំ​ង​អស់ ជាវិស័យនាំមុខច្រើនជាងគេ។

វិស័យអភិវឌ្ឍន៍ជនបទ វិស័យគ្រប់គ្រងរដ្ឋបាលដីធ្លី វិស័យសាធារណការ និង​ដឹកជញ្ជូន វិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យធនធានទឹក និងឧតុ​និយម ការផ្ដល់សេវាគ្រប់ប្រភេទ និងអភិបាលកិច្ច និងវិស័យអគ្គិសនី ប្រមាណ​៧១ភាគរយ ជាវិស័យដែលនាំមុខច្រើនករណីជាងគេ​នៅក្នុងនីតិកាល​ទី៦​នេះ។​

លទ្ធផលជារួមនៅអាណត្តិទី៦ ក្រុមការងារគ្រប់ថ្នាក់បានដោះស្រាយ​ បាន​ចំនួន ២០,៩៨៩ករណី (ស្មើ៥៨ភាគរយ) ដែលមានចំនួនសរុប ៣៦,៣៤០​ករណី រីឯបញ្ហាចំនួន ១០,០៦៣ករណី (ស្មើ២៨ភាគរយ) កំពុងមាន​វិធាន​ការ​ដោះស្រាយ និងបញ្ហានៅសេសសល់ ៥,២៨៩ករណី (ស្មើ១៤ភាគរយ) ផ្ញើ​មក​ថ្នាក់ជាតិ កំពុងមានវិធានការដោះស្រាយឆ្លើយតប ធៀបនឹងអាណត្តិទី៥ ក្រុម​ការងារគ្រប់ថ្នាក់បានដោះស្រាយចំនួន ៥,៩២១ករណី ក្នុងចំណោម ១១, ៧២៤ករណី (ស្មើ៥១ភាគរយ) រីឯបញ្ហាប្រឈមចំនួន ៤,០០៨ករណី (ស្មើ ៣៤ភាគរយ) កំពុងមានវិធានការដោះស្រាយ និងបញ្ហានៅសេសសល់ចំនួន ១,៧៩៣ករណី (ស្មើ១៥ភាគរយ) បានផ្ញើមកថ្នាក់ជាតិ ដើម្បីមានវិធានការ​ឆ្លើយតប។

ក្នុងរបាយការណ៍បានបង្ហាញថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន បាន​ធ្វើការសម្របសម្រួល និងសហ​ការ​​ល្អ ជិតស្និទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ទទួលបានលទ្ធផលជាវិជ្ជមាន ដោះស្រាយបញ្ហា​ជា​កង្វល់ សំណូមពរ និង​សំណើរបស់មូលដ្ឋានបានច្រើន ប៉ុន្តែក៏នៅមានបញ្ហា​ប្រឈមមួយចំនួន ដែលត្រូវកែលម្អជាអាទិ៍៖

១៖ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី ខេត្ត នៅមានការយឺតយ៉ាវ ក្នុងការប្រមូលចងក្រងទិន្នន័យ ឬរបាយការណ៍ ផ្ញើមកលេខាធិការដ្ឋាន ក.រ.ម.ឱ្យបានទៀងទាត់តាមកាលកំណត់។

២៖ ការដោះស្រាយបញ្ហាប្រឈម ជាសំណើ សំណូមពរ ឬទុក្ខកង្វល់របស់​ប្រជា​ពលរដ្ឋ ដែលបានលើកឡើងក្នុងវេទិកាសាធារណៈ ក្រុមការងារនៅមាន​ការយឺត​យ៉ាវក្នុងការដោះស្រាយ ឆ្លើយតបជូនប្រជាពលរដ្ឋវិញ។

៣៖ សមាជិកក្រុមការងាររាជរដ្ឋាភិបាលមួយចំនួនមានការខ្វះខាតមធ្យោបាយ (ប្រាក់បេសកកម្ម និងបងឥន្ធនៈជាដើម) សម្រាប់ចុះមូលដ្ឋានឱ្យបាន​ទៀងទាត់​តាម​កាលបរិច្ឆេទ។

៤៖ លេខាធិការដ្ឋាន ក.រ.ម. ខ្វះមធ្យោបាយសម្រាប់ចុះបំពេញបេសកកម្ម​ក្នុង​ការ​រៀបចំកិច្ចប្រជុំ សិក្ខាសាលាណែនាំដល់លេខាធិការដ្ឋានរាជធានី ខេត្ត និង​ការ​ចុះមូលដ្ឋាន ដើម្បីផ្សព្វផ្សាយពីលទ្ធផល និងសកម្មភាពការងារ​ដល់ថ្នាក់​ក្រោម​ជាតិ៕