សម្តេច ម៉ែន សំអន៖ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ, កម្ពុជាទទួលបានស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ


(ភ្នំពេញ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើ្ជញជាអធិបតី ក្នុងពិធីសម្ពោធផ្លូវការ ក្រុមហ៊ុន ហាវត្រាស ឃែភីថល អ៊ិនវេសម៊ិន (Hao Trust Capital Investment Co, Ltd) នាព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន បច្ចុប្បន្ននេះ កម្ពុជាទទួលបាននូវស្ថិរភាព សន្ដិសុខ សន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះវិស័យសេវាហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ ហើយរាជរដ្ឋាភិបាលកម្ពុជា តែងតែលើកទឹកចិត្ត និងគាំទ្រដល់វិស័យឯកជន និងចាត់ទុកវិស័យឯកជន ជាដៃគូ និងជាកម្លាំងអូសទាញ និងជម្រុញល្បឿនសេដ្ឋកិច្ចដែលជាកត្តាដែលមិនអាចខ្វះបាន។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរក្រុមហ៊ុន ដែលបានខិតខំស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយបានចាប់យកឱកាសដ៏ល្អប្រសើរ ក្នុងបរិយាកាសនយោបាយ ដ៏ល្អប្រកបដោយស្ថិរភាព និងសុខសន្តិភាពនៅកម្ពុជា។

សម្តេចបណ្ឌិត ម៉ែន សំអន សង្ឃឹមយ៉ាងមុតមាំថា ក្រុមហ៊ុននេះ ពិតជាអាចប្រតិបត្តិសកម្មភាពបរធនបាលកិច្ច ប្រកបដោយជោគជ័យ ដើម្បីក្លាយខ្លួន ទៅជាក្រុមហ៊ុនមួយគួរជាទីទុកចិត្តរបស់អតិថិជន មានក្រមសីលធម៌ស្អាតស្អំ ជាមូលដ្ឋានដ៏រឹងមាំ ដែលបង្កើតភាពរុងរឿង សុភមង្គល និងជោគជ័យដោយចីរភាពយូរអង្វែង និងរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជា។

ទន្ទឹមគ្នានេះ សម្តេចបណ្ឌិត ម៉ែន សំអន សូមស្នើក្រុមហ៊ុន ធ្វើសកម្មភាពអាជីវកម្មរបស់ខ្លូនដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ជាធរមានរបស់កម្ពុជា និងយកចិត្តទុកដាក់ដល់ការឧបត្ថម្ភគាំទ្រដោយការទទួលខុស ត្រូវនៃក្រុមហ៊ុន លើការងារមនុស្សធម៌ និងសង្គមកិច្ច។

គួរលឹកថា ក្រុមហ៊ុនហាវត្រាស ឃែភីថល អ៊ិនវេសម៊ិនដែលបានទទួលអាជ្ញាបណ្ណ ក្រុមហ៊ុនបរធនបាល ពីនិយ័តករ បរធនបាលកិច្ច ចុះថ្ងៃទី ៣ ខែមករា ឆ្នាំ ២០២៣ ក្នុងនាមជា ក្រុមហ៊ុន បរធនបាល សម្រាប់ប្រតិបត្តិការ បរធនបាលកិច្ចចំនួន ៤ ប្រភេទ គឺ ១) បរធន បាលកិច្ចសាធារណៈ ២) បរធនបាលកិច្ចពាណិជ្ជកម្ម ៣) បរធនបាលកិច្ច សង្គម និង៤) បរធនបាលកិច្ចបុគ្គល៕