សម្តេចតេជោ ហ៊ុន សែន ប្រៀបធៀបការអភិវឌ្ឍរវាងកម្ពុជា កំពុងមានសន្តិភាព និងមីយ៉ាន់ម៉ា កំពុងមានសង្គ្រាម


(ភ្នំពេញ)៖ ក្នុងឱកាសអញ្ជើញសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ថ្ងៃចាប់ផ្តើមបើកការដ្ឋានសាងសង់រោងចក្រទឹកស្អាតបាក់ខែង កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ គឺចំពេលនៃការធ្វើរដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា។

ថ្លែងនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានលើកឡើងថា មកដល់ពេលនេះ បញ្ហារបស់មីយ៉ាន់ម៉ា មិនទាន់បញ្ចប់នៅឡើយទេ។ ផ្តើមចេញពីបញ្ហាខាងលើនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញភាពខុសគ្នា រវាងប្រទេសមានសង្គ្រាម និងប្រទេសមានសុខសន្តិភាព។

សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះថា «នៅមីយ៉ាន់ម៉ា សភាពការណ៍វាមិនធូរស្រាលទេ វាកាន់តែធ្ងន់ធ្ងរពីមួយថ្ងៃទៅមួយថ្ងៃ។ អញ្ចឹងយើងអាចប្រៀបធៀបានប្រទេសមួយសន្តិភាព មានឱកាសដំណើរការសាងសង់រោងចក្រផលិតទឹកស្អាត តែប្រទេសមានសង្គ្រាម មានតែការបំផ្លិចបំផ្លាញតែប៉ុណ្ណោះ»

សម្តេចតេជោ បានលើកឡើងទៀតថា ប្រទេសមានសន្តិភាពមានតែការអភិវឌ្ឍ ហើយប្រទេសមានសង្គ្រាមមានតែការបំផ្លិចបំផ្លាញ។ ជាក់ស្តែង កម្ពុជាកំពុងតែបង្កើតរោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី១​ ហើយចរចារោងចក្រផលិតទឹកស្អាតជំហានបន្តទៀត ខណៈនៅមីយ៉ាន់ម៉ា មិនទាន់មានឱកាសសាងសង់អ្វីបន្ថែមឡើយ។

សូមជម្រាបថា រដ្ឋប្រហារនៅប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ នៅពេលដែលគណបក្សជាប់ឆ្នោត របស់លោកស្រី អង់ សាន ស៊ូជី ត្រូវបានទម្លាក់ដោយកងទ័ពយោធាមីយ៉ាន់ម៉ា ដឹកនាំដោយលោក មីន អោងហ្លាំង។