ផ្នែកគ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្ដាល នាថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣នេះ ប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិត ជាសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាថ្មីចំនួន៣,៦៩៧នាក់ មកពីគ្រឹះស្ថានសិក្សាសាធារណៈទាំង៥មូលដ្ឋានក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណចលនាយុវជន។
ឯកឧត្តម មាន ចាន់យ៉ាដា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកគ្រឹះស្ថានសិក្សា នៃយុវជនគណបក្សថ្នាក់កណ្ដាល បានលើកឡើងពីដំណើរឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលកាន់តែខិតជិតចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ គ្រឹះស្ថានសិក្សាបាននិងកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបន្តកិច្ចសហការ និងសម្របសម្រួលជាមួយបណ្តាអង្គការចាត់តាំងគណបក្សគ្រប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រង និងថែទាំទាំងខាងនយោបាយ និងសតិអារម្មណ៍ ចំពោះសមាជិកគណបក្សដែលមានស្រាប់ ព្រមទាំងបន្តជំរុញការពង្រីកសមាជិកថ្មីក្នុងជួរយុវជន ក្នុងនោះផ្នែកបានកំណត់នូវទិសដៅភារកិច្ចសំខាន់ៗ។
ឯកឧត្តម មាន ចាន់យ៉ាដា បានបន្តថា អនុលោមតាមមាត្រា៣ នៃលក្ខន្តិកៈដែលជាឯកសារកំពូលរបស់គណបក្សបានកំណត់អំពីគោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺប្រមូលកម្លាំងដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារសមិទ្ធផលសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។
ឯកឧត្តមបានបន្តទៀតថា សម្រាប់ពិធីប្រកាសទទួលស្គាល់ និងបញ្ចូលសមាសភាពក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិត សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជានាពេលនេះ គឺធ្វើឡើងស្របតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា តាមរយៈគោលការណ៍ស្ម័គ្រចិត្តរបស់ប្រជាពលរដ្ឋខ្មែរទាំងពីរភេទ ដែលមានឧត្តមគតិស្នេហាជាតិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ មានស្មារតីភ្ញាក់រលឹក មានគុណធម៌ គាំទ្រកម្មវិធីនយោបាយ-លក្ខន្តិកៈរបស់គណបក្សប្រជាជនកម្ពុជា។
ឯកឧត្តមថា គ្រឹះស្ថានសិក្សានៃយុវជនគណបក្សថ្នាក់កណ្តាល ឯកឧត្តមសម្តែងនូវការស្វាគមន៍ និងអបអរសាទរយ៉ាងកក់ក្តចំពោះសមាជិក-សមាជិកាក្នុងជួរសាស្ត្រាចារ្យ បុគ្គលិកអប់រំ គរុនិស្សិត និងនិស្សិតនៅតាមគ្រឹះស្ថានសិក្សាសាធារណៈទាំង៥មូលដ្ឋាន ក្នុងរាជធានីភ្នំពេញ សរុបចំនួន៣,៦៩៧នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន១,២៦៧នាក់, សាកលវិទ្យាល័យជាតិគ្រប់គ្រងចំនួន៧១២នាក់, សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្រ្តសេដ្ឋកិច្ចចំនួន៥០០នាក់, វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាចំនួន៧០០នាក់ និងវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញចំនួន៥១៨នាក់ ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវចូលមករួមរស់ក្នុងជីវភាពនយោបាយ ក្រោមដំបូលនៃមហាគ្រួសារគណបក្សប្រជាជនកម្ពុជា និងវិមានដ៏ស្កឹមស្កៃ។
ឯកឧត្តមបានផ្ដាំផ្ញើដល់សមាជិក-សមាជិកាគណបក្សទាំងអស់ត្រូវបន្តចូលរួមគ្រប់សកម្មភាព និងថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់គណបក្ស ដើម្បីបន្តពូនជ្រុំកម្លាំងគាំទ្រគណបក្សឱ្យទៅជាសកម្មភាពអភិវឌ្ឍជាតិមាតុភូមិលើគ្រប់វិស័យ។
តាមរយៈវេទិកាក្នុងថ្ងៃនេះ ឯកឧត្តម មាន ចាន់យ៉ាងដា បានអំពាវនាវដល់សមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវត្រៀមឯកសារបញ្ជាក់អត្តសញ្ញាណ ព្រមទាំងអំពាវនាវនិងនាំបងប្អូនសាច់ញាតិ មិត្តភក្តិ សហការីឱ្យពិនិត្យឯកសារសម្រាប់បម្រើដល់ការបោះឆ្នោត ហើយត្រូវទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា គឺបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង៕