អភិបាលខេត្តកំពង់ចាម បំផុសឲ្យមន្ត្រីជំនាញ អាជ្ញាធរ និងប្រជាពលរដ្ឋ រួមគ្នាដាំដើមឈើ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើគ្រប់តំបន់ក្នុងខេត្ត


អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានបំផុសឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋ ចេះស្រឡាញ់ ថែទាំ និងដាំដើមឈើឱ្យបានមួយដើម ក្នុងមួយគ្រួសារ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ ឲ្យបានគ្រប់តំបន់ នៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្ត បានបំផុលដូច្នេះនៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងពិធីរុក្ខទិវា ៩ កក្កដា ប្រារព្ធធ្វើឡើងនៅបរិវេណអនុវិទ្យាល័យអន្លង់អក ស្ថិតក្នុងភូមិអន្លង់អកកើត ឃុំសូគង ស្រុកកងមាស។

ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មានសារៈសំខាន់ ក្នុងការរក្សានូវលំនឹងបរិស្ថានច្រើនដូចជា រក្សានិយតកម្មប្រភពទឹក ការពារទីជម្រាល ការពារការហូរច្រោះ ទាក់ទាញទឹកភ្លៀង បន្សុទ្ធខ្យល់អាកាសផ្ដល់ផល អនុផលព្រៃឈើសំរាប់ប្រើប្រាស់ រក្សាជីវចម្រុះ និងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ទេសចរណ៍ធម្មជាតិ អេកូឡូស៊ី វប្បធម៌ និងជាទីជម្រកដ៏សុខសាន្ដចំពោះសត្វគ្រប់ប្រភេទដែលមានជីវិតនៅលើភពផែនដីយើងនេះ។

យ៉ាងណាមិញការបាត់បង់ព្រៃឈើ វានឹងក្លាយជាបញ្ហា ដែលបង្កឲ្យដីបាត់បង់ជីជាតិ និងងាយកើតមានឡើងនូវគ្រោះធម្មជាតិ ដូចជាខ្យល់ព្យុះ ខ្យល់កន្ត្រាក់ ទឹកជំនន់ និងគ្រោះរាំងស្ងួតជាដើម។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា សកម្មភាពនៃការកាប់ឆ្ការ រានទន្ទ្រានយកដីព្រៃឈើ ព្រៃលិចទឹក ដែលជាជម្រកមច្ឆាជាតិ ដើម្បីដាំដំណាំកសិកម្ម ឬក្នុងគោលបំណងផ្សេងៗ ដោយមិនបានពិចារណាវែងឆ្ងាយ និងពុំអនុវត្ត ទៅតាមក្បួនខ្នា បច្ចេកទេស ជាហេតុចម្បងនាំឲ្យវិនាសហិនហោចធនធានធម្មជាតិ បាត់បង់មុខងារព្រៃឈើ ដែលមានប្រយោជន៍មួយចំនួនដូចបានរៀបរាប់ខាងលើ។

ឯកឧត្តមអភិបាលខេត្តបន្តថា ការគ្រប់គ្រងព្រៃឈើ ទាំងព្រៃធម្មជាតិ ទាំងព្រៃដាំ និងការអភិវឌ្ឍន៍ក្នុងវិស័យព្រៃឈើ ត្រូវមានការចូលរួមជាចាំបាច់ពីគ្រប់ភាគីទាំងអស់ ជាពិសេសប្រជាពលរដ្ឋមូលដ្ឋាន ជាចលករយ៉ាងសំខាន់សម្រាប់ កិច្ចសហការ ក្នុងការអភិវឌ្ឍន៍វិស័យព្រៃឈើ នៅតាមវត្តអារាម សាលារៀន សួនច្បារ ព្រោះមានដើមឈើច្រើន នោះវានឹងធ្វើឲ្យក្លាយទៅជាទីរម្មណីយដ្ឋាន ឬក្លាយជាតំបន់ទេសចរណ៍ រីឯសាលារៀនមានទីធ្លាប្រកបដោយម្លប់ ត្រឈឹងត្រឈៃ ជាទីមនោរម សម្រាប់សិស្សានុសិស្សសម្រាក រៀនសូត្រ និងលេងកំសាន្តថែមទៀតផងដែរ៕