ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដាក់ម៉ាស៊ីនបូមទឹកសង្គ្រោះស្រូវប្រាំងចំនួន១,៨៩៣ហិកតា របស់អ្នកស្រុកកណ្ដាលស្ទឹង ដែលកំពុងខ្វះខាតទឹក ក្រោយពលរដ្ឋស្នើសុំពីក្ដីកង្វល់មួយនេះ។
ឯកឧត្តមអភិបាលខេត្តកណ្ដាល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ដល់អាជ្ញាធរស្រុកត្រូវសង្រ្គោះស្រូវប្រាំងរបស់ពលរដ្ឋ ឲ្យទាន់ពេលវេលាតាំងពីពេលទទួលបានដំណឹងភ្លាមៗមកម្ល៉េះ។
ស្ថិតក្នុងឱកាសចុះជួបសំណេះសំណាល សាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលជួបគ្រោះរាំងស្ងួត និងបូមទឹកសង្គ្រោះស្រូវប្រាំង ស្ថិតក្នុងឃុំដើមឬស ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹក ព្រមទាំងអាជ្ញាធរស្រុកកណ្ដាលស្ទឹង និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់បូមទឹកស្រោចស្រព ជូនប្រជាពលរដ្ឋឲ្យបានគ្រប់គ្រាន់។
ឯកឧត្តមបានប្រាប់ថា ត្រូវធ្វើការសិក្សាស្ដារប្រឡាយ ស្ទឹង អូរ ដែលមានភូមិសាស្ត្រនៅក្នុងស្រុកកណ្ដាលស្ទឹង ធ្វើយ៉ាងណាដើម្បីឲ្យប្រជាពលរដ្ឋ មានទឹកប្រើប្រាស់គ្រប់គ្រាន់ និងបញ្ជៀសនៅការខ្វះខាតទឹក ប្រើប្រាស់នាឆ្នាំបន្តបន្ទាប់។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ក្នុងស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋដែលបង្កបង្កើនផលស្រូវរដូវប្រាំងសរុប ៣ ២៦០ គ្រួសារ ស្មើនឹង២ ០៨៣ ហិកតា ហើយបច្ចុប្បន្នផ្ទៃដី ដែលប្រឈមខ្វះខាទឹក ដើម្បីស្រោចស្រពចំនួន ១ ៨៩៣ ហិកតា បច្ចុប្បន្នប្រជាពលរដ្ឋកំពុងតែបូមបញ្ចូលទឹក ដាក់ក្នុងស្រែដោយមិនទាន់មានស្រូវខូចខាតនៅឡើយទេ។
ប្រជាពលរដ្ឋ សម្ដែងការសប្បាយរីករាយឥតឧបមា ដែលមានមានឯកឧត្តម គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូរ ជួយពិតប្រាកដ ជួយទាន់ពេលវេលា មិនមែនលំៗ និយាយគឺធ្វើ ធ្វើបានសម្រេចជោគជ័យ ជួយពួកគាត់បានរហ័សទាន់ចិត្ត ធ្វើឲ្យស្រូវពួកគាត់ឡើងស្រស់ញញឹមឡើងវិញ៕