អភិបាលរាជធានីភ្នំពេញ អញ្ជើញភ្ជាប់ «ស្ពានអាកាសមរតកតេជោ» ដែលមានកម្ពស់៣ជាន់ ​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​


ស្ពានអាកាស ដែលបាននិងកំពុងសាងសង់ ស្ថិតនៅចំណុចប្រសព្វ រវាងមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថី​ព្រះមុនីវង្ស​ និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១)​ ស្ថិត​ក្នុង​មូលដ្ឋាន​ខណ្ឌ​មានជ័យ​ និង​ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ដែលមានកម្ពស់៣ជាន់ គ្រោងនឹងដាក់ឈ្មោះជា «ស្ពានអាកាសមរតកតេជោ»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធីភ្ជាប់ស្ពាន អាកាសមរតកតេជោនេះ នាព្រឹកថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០២៤។

ឯកឧត្តម ឃួង ស្រេង បានបន្តថា នេះគ្រាន់តែជាគម្រោង ដែលឯកឧត្តមនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ជាស្ពានអាកាស «មរតកតេជោ»

ឯកឧត្តមថា ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត យើងនឹងសុំទៅសម្ដេច ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះ ជាបណ្តោះអាសន្ន ដើម្បីឲ្យ ប្រជាពលរដ្ឋ បានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរ។ ខណៈដាក់ឲ្យប្រើប្រាស់ស្ពានអាកាសនេះ ជាបណ្ដោះអាសន្ន គម្រោងទី២ នឹងបន្តសាងសង់ នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត។

ស្ពានអាកាសថ្មីនេះ នឹងដោះស្រាយបាននៅលំហូរលំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២៖ ទៀត អាចកាត់បន្ថយបាន នូវការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ។

កំណត់ផ្លូវជាតិលេខ១ ក្រោយពីដាក់ឲ្យប្រើប្រាស់ស្ពានបេតុងឆ្លងកាត់ទន្លេបាសាក់ពី កោះនរាមកកោះពេជ្រ ឃើញថា ស្ថានភាពចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ១ ចូលមករាជធានីភ្នំពេញ ដោះស្រាយបានប្រមាណ៥០% ពិសេស ដោះស្រាយសារាចរណ៍ ពីស្រុកលើកដែក ខេត្តកណ្ដាល និងពីខេត្តព្រៃវែង ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅក្នុងខណ្ឌច្បារអំពៅផងដែរ។

ឯកឧត្តមថា ជាការគិតគូររបស់រាជរដ្ឋាភិបាល យើងនិងកសាងស្ពានបេតុងថ្មី មួយកន្លែងទៀត នោះគឺស្ពានព្រែកប្រា ដែលស្ពាននេះ នឹងប្រើប្រាស់ថវិកាជាតិ។ ស្ពានព្រែកប្រានេះ ពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ក្នុងការរំដោះចរាចរណ៍ពីព្រែកប្រាមកទិសខាងលិច មកផ្លូវ២១៧ បន្តមកផ្លូវក្រវ៉ាត់ក្រុងទី៣ បន្តទៅផ្លូវល្បឿន លឿនឆ្ពោះទៅខេត្តព្រះសីហនុ។

ថ្លែងដោយមោកនភាព ឯកឧត្តម ឃួង ស្រេង បានឲ្យដឹងថា វិស្វករដែលបាននិងកំពុងសាងសង់ស្ពានអាកាស មរតកតេជោនេះ គឺជាវិស្វកររបស់ខ្មែរសុទ្ធសាធ ដែលបណ្ដុះបណ្ដាលនៅកម្ពុជា រហូតក្លាយជាវិស្វករ ក្រោមការដឹកនាំប្រទេស របស់សម្ដេចតេជោ ហ៊ុន សែន។ ពីមុនយើងពឹងគេលើជំនាញផ្សេងខ្លះ ប៉ុន្តែពេលនេះ កូនខ្មែរយើងអាចធ្វើបានហើយ។ កម្ពុជាមានធនធានមនុស្សគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍប្រទេស ខ្លួនឯងបាន។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏មិនបោះបង់ចោលនៅបច្ចេកទេស របស់ពិភពលោកបានដែរ។ យើងនឹងសិក្សាស្រាវជ្រាវបន្ថែមទៀត ដើម្បីឲ្យកិច្ចការងារអភិវឌ្ឍន៍គំរោងផ្សេងៗរបស់ជាតិ មានភាពរឹងមាំ ដើម្បីឧត្ដមប្រយោជន៍ជាតិយើង។

ទន្ទឹមគ្នានេះ ឯកឧត្តម ឃួង ស្រេង ក៏សូមឲ្យបងប្អូនប្រជាពលរដ្ឋ ជឿទុកចិត្តទៅលើការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយសម្ដេច និងបន្តរក្សា មរតករបស់សម្ដេចតេជោ និងបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ជូនជាតិមាតុភូមិ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាចិត្តរក្សា ឲ្យបាននូវសន្តិភាព ដើម្បីឲ្យកម្ពុជា មានការអភិវឌ្ឍលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ស្ពានអាកាសទី៨នេះ សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ ដោយគ្រោងចំណាយថវិកា ជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។

គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពល ខេមរភូមិន្ទ។

ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហា វិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជ ធានី ភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពាន អាកាសមួយកន្លែងទៀតស្ថិតនៅចំណុច ប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។