រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧នេះ វីរកីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី នាំយកមេដាយមាសកីឡាស៊ីហ្គេម១គ្រឿងទៀតមកដែនដីមាតុភូមិកម្ពុជា រួមជាមួយវត្ថមានប្រតិភូកីឡាចំនួន១១រូបផ្សេងទៀត ដោយទទួលបានការផ្ដល់កិត្តិយសនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ពីសំណាក់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
មិនតែប៉ុណ្ណោះក្រុមអត្តពលិកកីឡាតេក្វាន់ដូ ក៏នាំមកជាមួយនូវមេដាយសំរឹទ្ធ ៣ ចំណែកក្រុមកីឡាសីឈីនឡូនបាននាំនូវមេដាយសំរឹទ្ធ ២ ផ្សេងទៀតផង។ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី បានទទួលមេដាយមាសមួយគ្រឿង ក្រោយបំបាក់គូប្រជែងកីឡាការិនីហ្វីលីពីន ដោយលទ្ធផល ១៣ ទល់នឹង ៦ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍កីឡា SEA Games ឆ្នាំ២០១៧ នៅទីក្រុង កូឡាឡាំពួរប្រទេសម៉ាឡេស៊ី។
សូមជម្រាបថាអតីតម្ចាស់មេដាយមាសរូបនេះ ក៏បានផ្តួលកីឡាការិនីជាម្ចាស់ផ្ទះម៉ាឡេស៊ីដោយលទ្ធផល ១៤ ទល់នឹង ៣ផងដែរ មុនពេលមកផ្ដួលកីឡាការិនីហ្វីលីពីន ក្នុងវគ្គផ្ដាច់ព្រ័ត្រក្នុងប្រភេទទម្ងន់ធ្ងន់ក្រោម ៧៣គីឡូក្រាម៕
ការទទួលស្វាគមន៍ដំណើរវិលត្រឡប់វិញនៃម្ចាស់មេដាយមាស មេដាយសំរិទ្ធ កីឡាករ កីឡាការិនីនៃក្រុមកីឡាតេក្វាន់ដូ និងម្ចាស់មេដាយសំរិទ្ធ កីឡាករ នៃក្រុមកីឡាឈីនឡូន សរុបទាំង១៦ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩
