ការទទួលស្វាគមន៍ដំណើរវិលត្រឡប់វិញនៃម្ចាស់មេដាយមាស មេដាយសំរិទ្ធ កីឡាករ កីឡាការិនីនៃក្រុមកីឡាតេក្វាន់ដូ និងម្ចាស់មេដាយសំរិទ្ធ កីឡាករ នៃក្រុមកីឡាឈីនឡូន សរុបទាំង១៦ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី២៩


រាជធានី​ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៧​នេះ វីរ​កីឡា​ការិនី​តេក្វាន់ដូ​កម្ពុជា កញ្ញា ស៊ន សៀវម៉ី នាំ​យក​មេដាយ​មាសកីឡាស៊ីហ្គេម១គ្រឿងទៀត​មក​ដែនដី​មាតុភូមិ​កម្ពុជា រួម​ជាមួយ​វត្ថ​មាន​ប្រតិភូ​កីឡា​ចំនួន​១១រូបផ្សេងទៀត ដោយ​ទទួល​បាន​ការ​ផ្ដល់​កិត្តិយស​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ ពី​សំណាក់​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ​និង​លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា។
មិន​តែ​ប៉ុណ្ណោះ​ក្រុម​អត្តពលិក​កីឡា​តេក្វាន់ដូ ក៏​នាំ​មក​ជាមួយ​នូវ​មេដាយ​សំរឹទ្ធ ៣ ចំណែក​ក្រុម​កីឡា​សីឈីនឡូន​បាន​នាំ​នូវ​មេដាយ​សំរឹទ្ធ ២ ផ្សេង​ទៀត​ផង។ កីឡា​ការិនី​តេក្វាន់ដូ​កម្ពុជា កញ្ញា ស៊ន សៀវម៉ី បាន​ទទួល​មេដាយ​មាស​មួយ​គ្រឿង ក្រោយ​បំបាក់​គូប្រជែង​កីឡា​ការិនី​ហ្វីលីពីន ដោយ​លទ្ធផល ១៣ ទល់នឹង ៦ ​ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games ឆ្នាំ២០១៧ នៅ​ទីក្រុង កូឡាឡាំពួរ​ប្រទេស​ម៉ាឡេស៊ី។
សូម​ជម្រាប​ថា​អតីត​ម្ចាស់​មេដាយ​មាស​រូប​នេះ ក៏​បាន​ផ្តួល​កីឡា​ការិនី​ជា​ម្ចាស់ផ្ទះ​ម៉ាឡេស៊ី​ដោយ​លទ្ធផល ១៤ ទល់នឹង ៣ផងដែរ មុន​ពេល​មក​ផ្ដួល​កីឡា​ការិនី​ហ្វីលីពីន ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ក្នុង​ប្រភេទ​ទម្ងន់​ធ្ងន់​ក្រោម ៧៣គីឡូក្រាម៕