ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញចូលរួមកម្មវិធី «សួរសុខទុក្ខពីប៉ាម៉ានី» សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច ក្នុងសង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ


នារសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីមុខងារសាធារណៈ និងសហការី បានអញ្ជើញជាអធិបតីក្នុងកម្មវិធី «សួរសុខទុក្ខពីប៉ាម៉ានី» សម្រាប់កុមារនៅសាលាបឋមសិក្សាស្រះស្តេច ស្ថិតនៅភូមិស្រះស្តេច សង្កាត់ត្រាចទង ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លី ច័ន្ទតុលា អនុប្រធានក្រុមការងារប៉ាម៉ានី និងលោកស្រី ឈីវ ភិរម្យ ព្រមទាំងក្រុមការងារ លោក លោកស្រី លោកប្រធានក្រុមប្រឹក្សាក្រុង និងលោកអភិបាលក្រុង លោកនាយកសាលា លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងសិស្សានុសិស្សចំនួនប្រមាណ ៦៨០នាក់។

នាឱកាសនោះ ឯកឧត្តម លី ច័ន្ទតុលា បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី និងអ្នកចូលរួមទាំងអស់ដែលបានអញ្ជើញមកកម្មវិធីនាឱកាសនោះ។ ថ្លែងរបាយការណ៍ជូនអង្គពិធីលោកបានលើកឡើងថានេះជាលើកទី១ ដែលក្រុមការងារប៉ាម៉ានីបានរៀបចំ កម្មវិធីប៉ាម៉ានី ក្រោមប្រធានបទ «សួរសុខទុក្ខពីប៉ាម៉ានី»។

ឯកឧត្តមបានបន្តថា កម្មវិធីនេះមានគោលបំណង លើកទឹកចិត្តកុមារអោយប្រឹងប្រែងរៀនសូត្រពីតូច ជាពិសេសហាត់ពត់លត់ដំឲ្យមានឥរិយាបថវិជ្ជមាន (ការគិត ការជឿ និង ការធ្វើ) សម្រាប់ការរស់នៅប្រចាំថ្ងៃ ដែលនឹងជួយដល់កុមារនៅថ្ងៃអនាគតផងដែរ។

បន្ទាប់ពីស្តាប់នូវរបាយការណ៍ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកជួប លោកគ្រូ អ្នកគ្រូ អ៊ំ ពូ មីង ដែលជាអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សនាឱកាសនោះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានរំលឹកអនុស្សាវរីយ៍ដែលលោកធ្លាប់ បានមកធ្វើការនៅស្រុកឧដុង្គ ដែលបច្ចុប្បន្នប្តូរមកជាក្រុងឧដុង្គម៉ែជ័យ។ លោកបានគូសបញ្ជាក់ផងដែរថា តាំងពី ២០១២មក នេះជាលើកទី១ ហើយ ដែលបានមកដល់ភូមិព្រះស្តេចជួបជុំជាមួយបងប្អូន កូនក្មួយទាំងអស់គ្នា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី សង្ឃឹមថា ជំនួបនឹងមានជាបន្តបន្ទាប់នៅឱកាសក្រោយៗទៀត។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកោតសរសើរចំពោះក្រុមការងារប៉ាម៉ានី ដែលបានប្រឹងប្រែងរៀបចំពិធីនាថ្ងៃនេះឡើង។ លោកបានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានប្រឹងប្រែងបណ្តុះបណ្តាលប្អូនៗ ដែលជាត្រពាំងស្នងឬស្សី និងជំរុញលើកទឹកដល់ដល់អាណាព្យាបាលឱ្យចូលរួមយកចិត្តទុកដាក់ និងតាមដានការសិក្សារបស់កូនៗ។

ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានលើកទឹកចិត្តប្អូនៗឱ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីទទួលជោគជ័យក្នុងជីវិត ដោយឯកឧត្តមបានគូសបញ្ជាក់ពីគំរូវីរភាពរបស់សម្តេច តេជោ ហ៊ុន សែន ដែលសម្តេចមានប្រវត្តិជាកូនកសិករ បានខិតខំរៀនសូត្រ រហូតទទួលបានជោគជ័យ និងក្លាយជាថ្នាក់ដឹកនាំគំរូមួយរូបផងដែរ៕