នៅព្រឹកថ្ងៃសៅរ៍ ១៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញដឹកនាំក្រុមការងារនាំយកទៀនវស្សា និងទេយ្យទានប្រគេនព្រះសង្ឃនៅវត្តខ័ណ្ឌសារ ក្នុងភូមិចក ឃុំកំពង់ចិនជើង និងតាមបណ្តាវត្តនានាក្នុងឃុំទាំង១៣ នៃស្រុកស្ទោង ខេត្តកំពង់ធំ។
ឯកឧត្តមរដ្ឋមន្ត្រីប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានមានប្រសាសន៍ថា បុណ្យចូលព្រះវស្សាជាពិធីបុណ្យដែលព្រះសង្ឃចូលគង់ចាំព្រះវស្សាអស់កាលត្រីមាសរយៈពេល ៣ខែនារដូវវស្សា ហើយបើតាមព្រះវិន័យធម៌គឺមិនអនុញ្ញាតឱ្យព្រះសង្ឃនិមន្តចេញបិណ្ឌបាតនោះទេ ដូចនេះក្នុងនាមជាពុទ្ធបរិស័ទអ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូបមានតួនាទីជួយទំនុកបម្រុងដល់ព្រះសង្ឃ មានចង្ហាន់ និងគ្រឿងប្រើប្រាស់ផ្សេងៗ ប្រគេនដល់ព្រះសង្ឃ ក្នុងអំឡុងពេល ៣ខែនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ក្រៅពីរបស់របរប្រើប្រាស់ និងម្ហូបអាហារ បងប្អូនប្រជាពលរដ្ឋខ្មែរក៏បានជាវទៀនវស្សាទៅប្រគេនព្រះសង្ឃផងដែរ ព្រោះមានជំនឿថាពន្លឺទៀនគឺជួយបំភ្លឺអនាគតជាតិឱ្យភ្លឺស្រស់បំព្រង និងមានសេចក្តីសុខចម្រើនដោយអំពើល្អ សេចក្តីល្អ និងរក្សាភ្លើងទៀនឱ្យឆេះជាប់រហូតគ្រប់រយៈពេល បីខែ។
សូមជម្រាបថា ទេយ្យទានដែលប្រគេនព្រះសង្ឃនាឱកាសនេះរួមមាន៖ ទៀនធំ១គូ អង្ករ ស្លាដក់ ត្រីខកំប៉ុង មី ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកដោះគោ តែ ស្ករ និងបច្ច័យមួយចំនួនផងដែរ៕







