សម្តេចតេជោ ហ៊ុន សែន ប្រគល់រថយន្ត ១គ្រឿងរបស់សម្តេច ដែលប្រើប្រាស់ក្នុងប្រតិបត្តិការស្វែករកសន្តិភាពនៅកម្ពុជា ជូនក្រុមការងារវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនពលរដ្ឋ និងភ្ញៀវទេសចរ


ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក និងជាប្រធានក្រុមការងារនៃវិមានឈ្នះឈ្នះ បានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន  ប្រធានព្រឹទ្ធសភា និងជាស្ថាបនិកនយោបាយឈ្នះឈ្នះ បានសម្រេចផ្តល់រថយន្ត Chevrolet ១គ្រឿងជូនវិមានឈ្នះឈ្នះ ដើម្បីដាក់តាំងបង្ហាញជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ។

នាយឧត្តមសេនីយ៍បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានប្រើប្រាស់រថយន្តនេះ កាលពីឆ្នាំ១៩៩៧ ក្នុងអំឡុងពេលសម្តេចអនុវត្តនូវនយោបាយឈ្នះឈ្នះ ដើម្បីស្វែងរកសុខសន្តិភាព បញ្ចប់សង្គ្រាមស៊ីវិលទាំងស្រុង ដោយឈរលើការឯកភាពជាតិជាធំ ដើម្បីឱ្យប្រជាជនកម្ពុជាទាំងអស់បានមករួមរស់ជួបជុំគ្រួសារ និងសង្គមជាតិឡើងវិញ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបន្តថាក្រៅតែពីរថយន្តនេះ ក៏នៅមានសម្ភារៈសំខាន់ៗរបស់សម្ដេចតេជោ ជាច្រើនផ្សេងទៀតដូចជាសម្លៀកបំពាក់ដែលសម្ដេចបានប្រើប្រាស់ ក្នុងប្រតិបត្តិការរំដោះប្រទេសជាតិចេញពីភ្លើងសង្គ្រាម។ តឹកតាងទាំងអស់នេះនឹងត្រូវបានតម្កល់ទុកនៅក្នុងសារមន្ទីរតេជោសន្តិភាពនៃវិមានឈ្នះឈ្នះ ដើម្បីដាក់បង្ហាញជូនដល់អ្នកដែលមានបំណងចង់ទស្សនា និងតម្កល់ទុកជាសម្បត្តិដ៏មានគុណតម្លៃមួយផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានលើកឡើងថា៖ «អ្នកដែលបានមកទស្សនានៅទីនេះនឹងបានឃើញរថយន្តមួយរបស់សម្ដេច ដែលបានប្រើប្រាស់នៅក្នុងឆ្នាំ១៩៧៨ គេនឹងចាប់អារម្មណ៍ ហើយបានឃើញផែនទី បានឃើញម៉ៃក្រូហ្វូនថតសំឡេងរបស់សម្ដេច ដែលបានប្រើប្រាស់ក្នុងឆ្នាំ១៩៧៨ និង១៩៧៩ ហើយរូបថតនឹងគឹបញ្ជាក់អះអាងជារបស់សម្ដេចពិតប្រាកដ បានឃើញតុ កៅអីដែលសម្ដេចអង្គុយធ្វើការ ប៉ុន្តែនៅមានសេចក្ដីត្រូវការច្រើនទៀតដែលយើងសួររក ដោយទទួលបានអនុសាសន៍ពីសម្ដេចតេជោផ្ទាល់ និងទទួលបានអនុសាសន៍ពីសម្ដេចធិបតីផ្ទាល់ កាលពីថ្ងៃទី២៩ ធ្នូ ឆ្នាំ២០២៣»

ប្រធានក្រុមការងារវិមានឈ្នះឈ្នះ បានគូសបញ្ជាក់ថា គ្រប់ឯកសណ្ឋានដែលសម្ដេចបានពាក់នៅក្នុងការដឹកនាការប្រយុទ្ធ ដែលការដឹកនាំពិសេសបំផុតក្នុងនយោបាយឈ្នះឈ្នះនេះផង ហើយសម្ដេចក៏បានប្រើប្រាស់ផ្ទាល់ក្នុងពេលបេសកកម្មជួបជាមួយជនរួមជាតិនៅតំបន់ផ្សេងៗ ហើយអ្វីដែលពិសេសនោះក៏មានខ្សែក្រវ៉ាត់ខ្មៅតៃក្វាន់ដូ៤ជាន់របស់សម្ដេចតេជោផងដែរ។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានសង្កត់ធ្ងន់ថា អត្ថន័យសម្ភារៈទាំងអស់នេះគឺធ្វើឱ្យយើងមានការពុះកញ្ជ្រោល ដោយសារតែសម្ភារៈទាំងអស់នេះ បាននៅជាប់ជាមួយសម្ដេចនៅពេលដែលសម្ដេចដឹកនាំនយោបាយឈ្នះឈ្នះ ហើយជាតឹកតាងផ្ទាល់នៃដំណើរការអភិវឌ្ឍនៃនយោបាយឈ្នះឈ្នះ ដែលមិនត្រឹមតែមានរូបថតឬខ្លឹមសារទេ ប៉ុន្តែជាសម្ភារៈជាក់ស្ដែងដែលសម្ដេចបានប្រើប្រាស់។ លោកបន្តថាទាំងនេះមិនបានបញ្ជាក់ពីតម្លៃនៃរបស់ទាំងអស់នោះទេ តែវាបានបង្ហាញពីគុណតម្លៃធំបំផុតដែលគ្មានពីរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍បានបន្ថែមថា អ្វីដែលយើងត្រូវគិតសំខាន់នោះ គឺក្រុមបច្ចេកទេសជំនាញត្រូវរៀបចំយកចិត្តទុកដាក់ថែទាំសម្ភារៈទាំងអស់នេះ ធ្វើយ៉ាងណាដើម្បីឱ្យសម្ភារៈទាំងអស់នេះមានអាយុកាលរយឆ្នាំតទៅមុខទៀត៕