ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃការអនុវត្តមុខងារលើវិស័យបរិស្ថាន ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ នារសៀលថ្ងៃសុក្រទី២៦ ខែកក្កដា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទីបី នោះគឺ «ការទុកដាក់ និងការញែកសំរាម» ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាទទួលបានភាពស្អាត នៅឆ្នាំ២០២៥។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើការណែនាំ និងចង្អុលបង្ហាញដល់ក្រសួងបរិស្ថាន ឱ្យរៀបចំឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី គឺ ភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមរដ្ឋមន្រ្តីពានបញ្ជាក់បន្ថែមថា សរសរស្ដម្ភទីមួយ គឺភាពស្អាត ដែលសំដៅធ្វើយ៉ាងណាឱ្យផ្ទះរបស់យើង សង្គមយើង ប្រទេសយើងមានភាពស្អាត។
ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ ជាលទ្ធផល យុទ្ធនាការមានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៨,៧ លានអង្គ/នាក់។
បន្ទាប់មក ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលជាយុទ្ធនាការអនុវត្តរួមគ្នា ចេញរើសសំណល់សំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមជាច្រើននាក់បន្តទៀត៕