ក្រុមហ៊ុនចិន ចង់ពង្រីកការវិនិយោគបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារនៅកម្ពុជា


ក្រុមហ៊ុន Fortune Rich Trade Co.,Ltd. និង Ju Wang Footwear Co.,Ltd., ដែលជាក្រុមហ៊ុនមួយកំពុងវិនិយោគនៅកម្ពុជារួចទៅហើយនោះ បានបង្ហាញបំណងពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀត ដោយបង្កើតរោងចក្រសម្លៀកបំពាក់ស្ត្រី និងកុមារ។

បំណងនេះត្រូវបានលើកឡើងថា ក្នុងជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានក្រុមហ៊ុន នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅទីក្រុងគុនមិញ ខេត្តយូណាន ប្រទេសចិន។

ក្នុងជំនួបនោះ លោកប្រធានក្រុមហ៊ុនបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន​លើគ្រប់វិស័យនៅ​កម្ពុជា និងមានជំនឿជឿជាក់ថា កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត។ លោក​ប្រធានក្រុមហ៊ុនបានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជា ធានាបាននូវបរិយាកាសវិនិយោគ​មួយប្រកប​ដោយស្ថិរភាព និងអនុគ្រោះសម្រាប់វិនិយោគិន។

លោកប្រធានក្រុមហ៊ុន បានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការគាំទ្រដល់ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុនក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុននៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀតតាមរយៈ ការបង្កើតរោងចក្រផលិតសំលៀកបំពាក់ ស្ត្រី និងកុមារ សម្រាប់នាំចេញទៅកាន់​ទីផ្សារក្រៅប្រទេស។

សម្ដេចបវរធិបតី បានសម្ដែងការអបអរសាទរចំពោះជោគជ័យរបស់ក្រុមហ៊ុននៅកម្ពុជា និងបាន​គូស​បញ្ជាក់ថា វិស័យវាយនភ័ណ្ឌ និងសំលៀកបំពាក់ ជាវិស័យដែលកំពុងមានការរីកចម្រើនខ្លាំង ហើយរាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់លើវិស័យនេះ ព្រមទាំងបានដាក់ចេញនូវគោល​នយោបាយ​ជាច្រើនដើម្បីគាំទ្រដល់ជោគជ័យរបស់ក្រុមហ៊ុន សហគ្រាសដែលបានបណ្ដាក់​ទុន​វិនិយោគនៅកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានដាក់ចេញការលើកទឹកចិត្តចំពោះក្រុមហ៊ុន ឬរោងចក្រណាដែលអាច​ប្រេីប្រាស់វត្ថុធាតុដើមក្នុងស្រុកសម្រាប់ការទ្រទ្រង់ដល់ខ្សែច្រវាក់​ផលិតកម្ម​។

សម្ដេចបវរធិបតី បានគូសបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលកម្ពុជា ស្វាគមន៍ និងបើកចំហរកិច្ច​ពិភាក្សាជាមួយវិស័យឯកជន សំដៅរួមគ្នាធ្វើឱ្យការវិនិយោគរបស់ក្រុមហ៊ុនទទូលបានជោគជ័យបន្ថែមទៀត៕