សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរ និងអរគុណរដ្ឋបាលរាជធានីភ្នំពេញ និងក្រុមការងារពាក់ព័ន្ធដែលបានបោសសំអាតក្នុងព្រះរាជពិធីបុណ្យអុំទូក


សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ នាថ្ងៃទី១៦​ ខែវិច្ឆិកា​ ឆ្នាំ២០២៤នេះ​ បានចេញសារថ្លែងអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្តនានានៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នេះ។

សម្តេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ បានថ្លែងដូចនេះថា​ «សូមអរគុណដល់រដ្ឋបាលរាជធានីភ្នំពេញ ក្រុមការងារពាក់ព័ន្ធ ព្រះថេរានុថេរៈ លោកតាលោកយាយ អ៊ំពូ មីង បងប្អូន និងក្មួយៗទាំងអស់ដែលបានជួយបោសសំអាត និងគ្រប់គ្រងអនាម័យនៅតាមសួនច្បារ តំបន់កម្សាន្ត និងតំបន់ប្រារព្ធពិធីនានានៃពិធីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ដើម្បីរក្សាបាននូវសោភណ្ឌភាព ជូនដល់ប្រជាពលរដ្ឋខ្មែរយើង និងជនបរទេសជាភ្ញៀវទេសចរណ៌ បានចូលរួមទស្សនាកម្សាន្ត ប្រកបដោយទឹកមុខសប្បាយរីករាយក្រោមម្លប់នៃសន្តិភាព»

បេីតាម ឯកឧត្តម ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានឱ្យដឹងថា​ សម្រាបព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំនេះ យើងប្រមូលសំរាមបានល្អ​ ដោយសារឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រជុំដាក់ផែនការ យ៉ាងច្បាស់លាស់ ដោយបានត្រៀមលក្ខណៈទុកជាមុន ទាំងមធ្យោបាយ ទាំងកម្មករ ទាំងអ្នកទទួលខុសត្រូវ។ ជាក់ស្តែងសំរាប់រយៈពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូកនេះ ក្រុមការងារទាំងអស់ បានធ្វើសកម្មភាពព្រមៗគ្នា ក្នុងនោះក្រុមហ៊ុនប្រមូលសំរាមទាំង៣ ក៏បានធ្វើសកម្មភាពព្រមៗគ្នា នៅតាមតំបន់របស់គាត់គ្រប់គ្រងបានយ៉ាងល្អផងដែរ។

ឯកឧត្តម ហួត ហៃ បានបន្តថា សំរាប់ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ យើងបានប្រើកម្មករប្រមាណ១៥០០នាក់ រថយន្តបានត្រៀមជាង១០០គ្រឿង ពង្រាយធុងសំរាមថ្មី១៣០០ធុង។ យើងមានមធ្យោបាយគ្រប់បែបយ៉ាង មានទាំងរថយន្តដឹកសំរាម រថយន្តបាញ់លាង មានម៉ូតូកង់បីចល័ត ដើម្បីប្រមូលធុងសំរាមចេញពេលដែលពេញនិងមានម៉ូតូកង់បី ប្រមូលសំរាមថែមទៀត។

ឯកឧត្តម ហួត ហៃ បានបន្តថា ថ្ងៃទី២នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ បានប្រមូលសំរាមទៅកាន់ទីលានដាក់សំរាមបានចំនួន​ ៣៨០០តោន តែសំរាប់ថ្ងៃទី៣នេះយើងមិនទាន់ទទួលបានទូរលេខនៅឡើយទេ។ ប៉ុន្តែសំរាមអាចច្រើនជាងកាលពីថ្ងៃទី២ ដោយហេតុថា នៅថ្ងៃទី៣ មានអ្នកចូលរួមច្រើនគុណនឹង២ដងនៃថ្ងៃទី២ គឺមានអ្នកចូលរួមរហូតដល់ជាង២លាន២សែននាក់ឯណោះ។

ឯកឧត្តម ហួត ហៃ បន្ថែមទៀតថា បញ្ហាសំរាមឆ្នាំនេះយើងរៀបចំគ្រប់គ្រងបានល្អ ដោយបានពង្រាយធុងសំរាមជាង១០០០ធុង ប្រជាពលរដ្ឋបានចូលរួមទុកដាក់សំរាមបានល្អ បង្កលក្ខណៈងាយស្រួលក្នុងការប្រមូល។ ក្នុងឱកាសនោះដែរ ឯកឧត្តមបានអំពាវឱ្យប្រជាពលរដ្ឋ ដែលមកចូលរួមដើរលេងកំសាន្តនៅថ្ងៃទី៣នៃព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ សូមទុកដាក់សំរាមក្នុងធុងឱ្យបានល្អ បើធុងសំរាមពេញសូមដាក់ក្នុងថង់ធំដែលយើងបានចែកជូន សូមចូលរួមជាមួយអាជ្ញាធររបស់យើង ដើម្បីឱ្យទីក្រុងយើងស្អាត បរិស្ថានល្អ៕