ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងារងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបរិវេណសាខាកាកបាទក្រហមកម្ពុជាខេត្ត បានជួបសំណេះសំណាលសួរសុខទុក្ខ ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ដែលមានសម្ព័ន្ធមេត្រីភាពនឹងគ្នា រួមមានស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងក្នុងខេត្តពោធិ៍សាត់ ចំនួន៨២១នាក់ ដោយបានការចូលរួមពី ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងរដ្ឋបាលស្រុក ក្រុងជាច្រើនរូបទៀត។
បន្ទាប់ពីលោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានមានមតិស្វាគមន៍ និងធ្វើសេចក្តីរាយការណ៍រួចមក, ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានថ្លែងដោយចាត់ទុកថា ខេត្តពោធិ៍សាត់គឺជាខេត្តមួយ ពិតជាធ្វើដំណើរទៅមុខហើយ ដើរទៅមុខបានឆ្ងាយជាវិជ្ជមាន មិនថារោងចក្រ សហគ្រាស នៅស្រុកក្រគរ បាននឹងកំពុងដំណើរការ ក្លាយទៅជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់។ នេះដោយសារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ ពីឯកឧត្តមផ្ទាល់ ជាពិសេសឯកឧត្តម ស៊ុយ សែម អតីរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្តម ខូយ រីដា អភិបាលខេត្តបន្តជំនាន់ រួមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ ឃើញថាពិតជាមានការរីកចម្រើនច្រើន គឺអាស្រ័យដោយប្រទេសមានសុខសន្តិភាព ទើបធ្វើឱ្យខេត្តមួយនេះបោះជំហ៊ានទៅមុខលើគ្រប់វិស័យ។
ឯកឧត្តម កែវ រតនៈ សូមយកឱកាសនេះ សូមសម្តែងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់កន្លងមក ជាក់ស្តែងដូចជាពិធីបុណ្យអុំទូកថ្នាក់ខេត្ត ជាលើកទី៥ ថ្មីៗនេះ។ ពិតណាស់ថាបើគ្មានសុខសន្តិភាព ហើយគ្មានការចូលរួមពីកងកម្លាំងប្រដាប់ អាវុធទាំង៣ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាឥស្សរជន និងជាមេទ័ពកំពូលនោះទេ យើងក៏គ្មានសុខសន្តិភាព ស្ថេរភាព និងមិនមានអ្វីៗដូចសព្វថ្ងៃនេះដែរ។
ឯកឧត្តមបន្តថា ដោយមើលឃើញកងកម្លាំងនៅតាមខ្សែបន្ទាត់ព្រំដែន រួមទាំងអង្គភាពមួយចំនួនទៀតនោះ ក្រសួងរ៉ែ និងថាមពល បានភ្ជាប់អង្គភាព ជាសម្ពន្ធមេត្រីភាពអស់រយៈពេល១៦ឆ្នាំហើយនៅឆ្នាំ២០២៤នេះ បន្ថែមសម្ព័ន្ធមេត្រីភាព ជាមួយស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់។ អង្គភាពទាំងនោះ គឺក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា តែងតែចុះសួរសុខទុក្ខ ដោយនាំយកនូវគ្រឿងឧបភោគ បរិភោគ បានជាប់លាប់ ជាប្រពៃណីផ្សារភ្ជាប់រហូតមក។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងមិនអាចភ្លេចអំពីវីរៈភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរក្សាការពារបូរណភាពទឹកដី តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះចន្លោះ តែមិនក៏មិនត្រូវឱ្យដាច់ស្បៀងនោះឡើយ ត្រង់ចំណុចនេះសូមឱ្យមានការយោគយល់។
នៅក្នុងឱកាសនោះ ឯកឧត្តម កែវ រតនៈ ក៏បានចែកជូនវត្ថុកំដរដៃ ជូនដល់កងកម្លាំងប្រដាប់អាវុធ ចំនួន៨២១នាក់ ក្នុងនោះកម្លាំងស្នងការដ្ឋាននគរបាលខេត្ត ចំនួន៤៤២នាក់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចំនួន២០២នាក់ និងតំបន់ប្រតិបត្តិការសឹករង ខេត្តពោធិ៍សាត់ ចំនួន១៧៧នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរថវិកា១០ម៉ឺនរៀល និងឧបត្ថម្ភទាំង៣អង្គភាព ដោយក្នុងមួយអង្គភាព ថវិកា៤លានរៀលស្មើៗគ្នា៕