ឯកឧត្តម​ ចាន់ ស៊ីណាត​ រដ្ឋលេខាធិការ បន្ត​ដឹកនាំគណៈប្រតិភូ​ធនាគារអភិវឌ្ឍន៍អាស៊ី​ (ADB) ចុះពិនិត្យទីតាំងជាក់ស្តែង ដើម្បីរៀបចំ​យុទ្ធសាស្ត្រ​ក្នុងការរំដោះទឹក និង​ពង្វាងទឹក​ ក្នុង​ភូមិសាស្ត្រខេត្តបាត់ដំបង


ខេត្តបាត់ដំបង៖​ ថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋ​លេខាធិការ និង​ជាប្រធានសម្របសម្រួលការងារគ្រប់គ្រង​ធនធានទឹក និងឧតុនិយម​ខេត្តបន្ទាយមានជ័យ និងខេត្ត​ឧត្តរ​មានជ័យ ក្នុងនាម​តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូនៃ​ស្ថាប័នទាំងបីដែលរួមមាន​ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគាអភិវឌ្ឍន៍អាស៊ី( ADB) ចុះត្រួតពិនិត្យជាក់ស្តែងនៅ​ចំណុចភូមិសាស្រ្តអាងទឹកភាស និងអាងទឹកចក ក្នុងស្រុកឯកភ្នំ និងស្រុកមោងឬស្សី​ ខេត្តបាត់ដំបង។

ឯកឧត្តម​រដ្ឋលេខាធិការ​បានបញ្ជាក់ឱ្យដឹងថា​ ការចុះពិនិត្យ​ជាក់ស្តែង​ គឺ​ដើម្បីរៀបចំយុទ្ធសាស្ត្រពង្រឹងនិងពង្រីកបណ្តាអាងទឹកទាំងនេះ​ ព្រមទាំងប្រព័ន្ធពាក់ព័ន្ធ​ទាំងអស់ឱ្យក្លាយជាមូលដ្ឋានដ៏សំខាន់នៅ​ក្នុងការ​ទទួល​ដោះទឹក ពង្វាងទឹក និងស្តុកទឹក​ ក្នុងភូមិសាស្ត្រ​ខេត្តបាត់ដំបង​ ហើយ​ឈានទៅធានា​បាននូវស​ន្តិសុខទឹក​​ប្រកប​ដោយស័ក្តិសិទ្ធិភាព​៕