នាព្រឹកថ្ងៃសៅរ៍ ១៥រោច ខែកត្ដិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម នៅសាលប្រជុំ វិមាន៧មករា។
សូមជម្រាបថា ពិធីប្រគល់សេចក្តីសម្រេចស្តីពីការចាត់តាំងមន្ត្រីគណបក្សបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងជាប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ព្រមទាំងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកាគណបក្ស និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយមសរុបប្រមាណ ២៨០រូប។
ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ឱ្យដឹងថា បច្ចុប្បន្ននេះ គណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និងឧតុនិយម មានសមាជិកគណបក្សប្រជាជនកម្ពុជាជាយុវជនសរុប ៣៩៤រូប (ស្រី ១២៧រូប) ក្នុងនោះក្រុមការងារយុវជនគណបក្សក្រសួងមានសមាជិកសរុប ១២០រូប (ស្រី ២២រូប) ហើយក្រុមការងារយុវជនគណបក្សក្រសួងបានរៀបចំសមាសភាពក្រុមអចិន្ត្រៃយ៍ និងបែងចែកទៅតាមផែនចំណុះនីមួយៗរួមមាន៖ ក្រុមការងារលេខាធិការដ្ឋាន ក្រុមការងារផែនឃោសនាអប់រំនិងបណ្តុះបណ្តាល ក្រុមការងារផែនព័ត៌មាននិងបណ្តាញផ្សព្វផ្សាយសង្គម ក្រុមការងារផែនហិរញ្ញវត្ថុ និងក្រុមការងារផែនរៀបចំផែនការយុទ្ធសាស្ត្រ។
ក្នុងនាមគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការអបអរសាទរចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានក្រុមការងារ និងសមាសភាពក្រុមការងារយុវជនគណបក្សក្រសួងទាំងអស់ដែលទទួលបានសេចក្តីទុកចិត្ត និងប្រគល់ភារកិច្ចជូនពីថ្នាក់ដឹកនាំគណបក្សគ្រប់កម្រិតថ្នាក់ និងបានលើកទឹកចិត្តដល់ក្រុមការងារយុវជនគណបក្សក្រសួងបន្តប្រឹងប្រែងបំពេញភារកិច្ច និងបន្តជំរុញអនុវត្តផែនការសកម្មភាពឱ្យកាន់តែខ្លាំងក្លា ដើម្បីសម្រេចឱ្យបានសមិទ្ធផលដ៏ត្រចះត្រចង់បម្រើឱ្យឧត្តមប្រយោជន៍យុវជន គណបក្ស និងប្រទេសជាតិ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតីបានលើកឡើងពីរចនាសម្ព័ន្ធដឹកនាំ និងបាវចនាគណបក្សរួមមាន ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងអភិវឌ្ឍន៍សង្គម គឺដើម្បីបម្រើឱ្យបុព្វហេតុសន្តិភាព និងការអភិវឌ្ឍ ហើយគោលជំហររបស់គណបក្សផ្តោតលើសតិអារម្មណ៍ អប់រំ និងចាត់តាំង។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិត បានបញ្ជាក់ថា ស្របតាមមាគ៌ាដ៏ត្រឹមត្រូវ និងគោលនយោបាយជាក់លាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចមហាបវរធិបតីជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឯកឧត្តម ជីវ ស៊ុនហេង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា បានថ្លែងនូវការប្តេជ្ញាចិត្តដើរតាមមាគ៌ាដឹកនាំ និងគោលនយោបាយរបស់គណបក្សដោយឥតងាករេ ការពាររាល់សមិទ្ធផលនៃសង្គមជាតិ ប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់ សាមគ្គីភាព ឯកភាពផ្ទៃក្នុងគណបក្ស និងប្រកាន់ជំហរដាច់ខាតក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព។
សូមបញ្ជាក់ថា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានសម្រេចចាត់តាំងឯកឧត្តម ជីវ ស៊ុនហេង ជាសមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្តីសម្រេចលេខ ៦៤៤/០៦២៤/សស.គក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ស្តីពីការចាត់តាំងមន្ត្រីគណបក្ស៕