ឯកឧត្តម ចាន់ ស៊ីណាត បន្តដឹកនាំគណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចុះពិនិត្យទីតាំងជាក់ស្តែងនៃយុទ្ធសាស្ត្រដោះស្រាយបញ្ហាសន្តិសុខទឹក ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន


ខេត្តប៉ៃលិន៖ ថ្ងៃព្រហស្បតិ៍ ១៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលការងារគ្រប់គ្រងធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីកសួងធនធានទឹក និងឧតុនិយម បានបន្តដឹកនាំគណៈប្រតិភូនៃស្ថាប័នទាំង៣ មានក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅចំណុចភូមិសាស្រ្តអូរដូនតា ថ្នល់បត់ និងផ្ទះស្បូវ ក្នុងស្រុកសាលាក្រៅ ខេត្តប៉ៃលិនដែលស្ថិតនៅជាប់នឹងព្រំដែននៃប្រទេសថៃ។

ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ជារៀងរហូតមក ខេត្តប៉ៃលិនជួបការលំបាកខ្លាំងលើសុវត្ថិភាពទឹកនៅគ្រប់រដូវកាល ហេតុនេះហើយទើបក្រសួងធនធានទឹក និងឧតុនិយមធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយយកចិត្តទុកដោះស្រាយលើបញ្ហាសន្តិសុខទឹកដើម្បីកាត់បន្ថយឱ្យបានជាអតិបរមានូវទឹកជំនន់គ្រប់ប្រភេទ និងដោះស្រាយបញ្ហាគ្រោះរាំងស្ងួតដែលតែងតែយាយីមកលើខេត្តប៉ៃលិន ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ក្រៅពីនេះក្រសួងធនធានទឹក និងឧតុនិយម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក៏បានយកចិត្តទុកដាក់ខ្ពស់ ដោយដាក់ចេញនូវយុទ្ធសាស្រ្តកសាងអាងទឹកឱ្យបានច្រើនសម្រាប់ស្ដុកទឹកក្នុងបរិមាណច្រើន ដើម្បីជួយកាត់បន្ថយទឹកជំនន់នៅរដូវវស្សា និងបញ្ចេញទឹកមកប្រើប្រាស់ឱ្យបានគ្រប់គ្រាន់តាមតម្រូវការរបស់ប្រជាពលរដ្ឋនៅរដូវប្រាំងក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយយមានជ័យ៕