ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង


នៅព្រឹកថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ នេះ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង បានអញ្ជើញជាកិត្តិយសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ដែលជាសមិទ្ធផលថ្មីរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់បម្រើជាប្រយោជន៍ដ៏សំខាន់ដល់កិច្ចការទូទៅរបស់មន្ត្រីគណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

សូមជម្រាបថា ពិធីដ៏អធិកអធមនេះមានការអញ្ជើញចូលរួមជាកិត្តិយសពីឯកឧត្តម នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ធំ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ក្នុងស្រុកស្ទោងសរុបប្រមាណជាង ៨០០នាក់។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ព្រមទាំងសម្តេចអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាជាច្រើនរូបទៀត ជូនដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាគ្រប់កម្រិតថ្នាក់ នៅទូទាំងស្រុកស្ទោងទាំងមូល។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជក់ថា ក្នុងស្មារតីនៃការចងចាំ និងដឹងគុណថ្ងៃជ័យជម្នះ ៧មករា ប្រជាជនកម្ពុជានៅទូទាំងប្រទេស បានចូលរួមអបអរសាទរថ្ងៃជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចងចាំជានិច្ចនូវគុណូបការៈដ៏ឧត្តុង្គឧត្ដមរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានធ្វើពលិកម្មយ៉ាងអង់អាចលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍ និងការពារការរស់ឡើងវិញរបស់ប្រជាជន។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍សង្កត់ធ្ងន់ថា ចាប់តាំងពីឯកឧត្តមត្រូវបានតែងតាំងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទោង អ្វីដែលគិតមុនគេនោះ គឺសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងការកសាងអគារស្នាក់ការគណបក្សឱ្យបានគ្រប់ឃុំ ក្នុងស្រុកស្ទោង។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា សមិទ្ធផលអគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលនេះបានបង្ហាញឱ្យឃើញពីភាពរីកចម្រើន ច្បាស់លាស់ និងភាពរឹងមាំរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបម្រើប្រជាពលរដ្ឋដោយភាពស្មោះត្រង់។ អគារនេះត្រូវបានកែលម្អសាងសង់ពង្រីកឱ្យធំជាងមុន ដោយមានបន្ទប់ការិយាល័យធ្វើការ និងបន្ទប់ប្រជុំ ព្រមទាំងមានការសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត សម្រាប់បម្រើដល់ការងាររបស់មន្ត្រីគណបក្ស កិច្ចប្រជុំ និងការជួបជុំនានារបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសមាជិក សមាជិកាក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានរួបរួមគ្នាបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយសម្រេចបាននូវសមិទ្ធផលដ៏ត្រចះត្រចង់ជូនគណបក្ស និងជាតិមាតុភូមិ។

សូមបញ្ជក់ថា នៅទូទាំងស្រុកស្ទោងមានសមាជិកគណបក្សប្រជាជនកម្ពុជាសរុបចំនួន ៥០៦២៣នាក់ ស្រីចំនួន២៨៤៦២នាក់ ក្នុងនោះឃុំបន្ទាយស្ទោងមានចំនួន៤៧២៩នាក់ និងបានកសាងសមាជិកថ្មីចំនួន ២៩៣នាក់ (ស្រីចំនួន១៥៣នាក់)៕