ឯកឧត្តមរដ្ឋលេខាធិការ គង់ ច័ន្ទវាសនា អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូក​សរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥​ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ


  • នារសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ បានអញ្ជើញចូលរួម​ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥​ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ។​ កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ហ៊ូ សុពណ៌ និងឯកឧត្តម នៃ គង់ អភិបាលរងនៃគណ:អភិបាលខេត្ត​ព្រះសីហនុផងដែរ។

ក្នុងនាមក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ​ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរកសិកម្ម​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារក្នុងស្មារតីទទួលខុសត្រូវខ្ពស់​ និងសម្រេចបានលទ្ធផល​យ៉ាងល្អប្រសើរ។

ទន្ទឹមនេះ​ ឯកឧត្តមបានជម្រាបជូនអង្គពិធីអំពីកម្មវិធីគោលនយោបាយអាទិភាពទី៥​ និងទី៦របស់រាជរដ្ឋាភិបាល​ និងគោលនយោបាយមាន៤​ “មានហូប​ មានប្រេី​ មានបាន​ និងមានរហូត”​ របស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ ដេីម្បីជំរុញការអភិវឌ្ឍវិស័យកសិកម្ម​ ព្រមទាំងសមិទ្ធផលការងារជាច្រេីនដែលសម្រេចបានក្នុងឆ្នាំ២០២៤​ ជាពិសេសការដោះស្រាយបញ្ហាប្រឈមជូនប្រជាកសិករនៅទូទាំងប្រទេស។

ឯកឧត្តម​ក៏បានចែករំលែកផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយខេត្តតំបន់ឆ្នេរ​សមុទ្រ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​ និងរបៀងសេដ្ឋកិច្ច​ ដែលនឹងបន្តជំរុញនាំមកនូវការអភិវឌ្ឍកាន់តែច្រេីនថែមទៀតសម្រាប់ខេត្តព្រះសីហនុ​ និងខេត្តតំបន់ឆ្នេរផងដែរ។

សម្រាប់ទិសដៅអនុវត្តបន្ត​ ឯកឧត្តម​ គង់​ ច័ន្ទវាសនា​ បានផ្តល់អនុសាសន៍ដល់មន្ទីរកសិកម្មខេត្តព្រះសីហនុ យកចិត្តទុកដាក់ជួយគាំទ្រ​ និងចុះអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមរបស់កសិករ​ឱ្យបានទាន់ពេលវេលា​ និងបន្តគ្រប់គ្រង​ និងការពារធនធានធម្មជាតិ​ប្រកបដោយប្រសិទ្ធភាព​ និងនិរន្តរភាព​ តាមរយ:ការជំរុញចុះបញ្ជីដីរដ្ឋ​ និងការទប់ស្កាត់​ និងបង្ក្រាបបទល្មេីសនានា។

មុនបញ្ចប់កម្មវិធី ឯកឧត្តម​ និងគណ:អធិបតី​បានអញ្ជេីញបំពាក់គ្រឿងឥស្សរិយយស​ និងផ្តល់ប័ណ្ណសរសេីរ​ ដល់មន្ត្រីមានស្នាដៃឆ្នេីមជាច្រេីននាក់ផងដែរ៕