ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញបើកកិច្ចប្រជុំជាមួយនឹងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមបេសកកម្មរបស់សហហិរញ្ញប្បទាននៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដើម្បីចាប់ផ្តើមអនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRMP) នៅក្នុងតំបន់ភូមិភាគពាយ័ព្យ ជាពិសេស ការរំដោះទឹក និងពង្វាងទឹកចេញពីខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង។
សូមជម្រាបថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធរបស់គម្រោង អាជ្ញាធរខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធាន នាយកដ្ឋាន និងមន្រ្តីជាតិអន្តរជាតិទាំងអស់ នៃអង្គភាពអនុវត្ត និងគ្រប់គ្រងគម្រោងរបស់ក្រសួងជាច្រើនរូប។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំបេសកកម្មចាប់ផ្តើមអនុវត្តគម្រោងគឺចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចុះពិនិត្យជាក់ស្តែងនៅក្នុងតំបន់អនុវត្តគម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ (IWRM)តាមបណ្តាខេត្តពាក់ព័ន្ធផងដែរ៕