ថ្ងៃនៃក្ដីស្រលាញ់, ថ្នាក់ដឹកនាំខេត្តកណ្ដាល ជួបសំណេះសំណាល និងផ្ដល់អាហារជូនក្រុមកុមារមានពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា


ទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈ ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានអញ្ជើញដឹកនាំប្រតិភូ និងអាជ្ញាធរក្រុងតាខ្មៅ ក្នុងឱកាសទិវាសេចក្តីស្រឡាញ់ ១៤កុម្ភៈ និងស្នាមញញឹមជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា និងបានផ្ដល់នំភីហ្សា( pizza) ជូនទៅដល់កុមារញ៉ាំដោយស្នាមញញឹម និងក្តីរីករាយក្នុងថ្ងៃនៃ សេចក្តីស្រឡាញ់ ស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្ដាល។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងឱកាសនៃបុណ្យសេចក្តីស្រឡាញ់ តែងតែផ្ដល់ជូនទៅដល់ក្មួយៗដែលខ្វះភាពកក់ក្តៅក្នុងការថ្នាក់ថ្នមក្នុងការជួបជុំជាមួយក្មួយៗនាពេលនេះ និងផ្ដល់ភាពមនោសញ្ចេតនាជូនទៅដល់ក្មួយៗ បានបង្ហាញឱ្យឃើញថាទោះក្មួយៗស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ សង្គមនេះមានការគោរពស្រឡាញ់ និងនឹករលឹកចំពោះក្មួយៗទាំងអស់គ្រប់ៗគ្នាអត់ដែលភ្លេចទេ  និងការយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រែងរម្លឹកដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ឱ្យគិតគូរយកចិត្តទុកដាក់ចំពោះប្រជាជន និងផ្ដល់ភាពកក់ក្ដៅ។

ជាមួយគ្នានេះដែរ ឯកឧត្តម នូ សាខន និងឯកឧត្តម គួច ចំរើន បានផ្ដល់ជូនដល់កុមារពិការភាព នៅអង្គការសាមគ្គីធម៌ម៉ារីស្តកម្ពុជា និងសាលាកុមារពិការឡាវ៉ាឡា ដូចជា៖ នំភីហ្សា ភ្លៅមាន់បំពង ទឹកសុទ្ធ ១៥កេស ទឹកដោះគោកូនក្មេង ១០កេស ឧបត្ថម្ភថវិកាជូនទៅដល់អង្គការ ១០លានរៀល និងអ្នកគ្រូ-លោកគ្រូចំនួន ៤៥នាក់ ក្នុង១នាក់ ថវិកា ២០ម៉ឺនរៀល និងកុមារចំនួន ១៤៣នាក់ ក្នុងម្នាក់ៗចំនួន ២ម៉ឺនរៀល៕