ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ អញ្ជើញក្រុងពាលីចាក់សសរគោលសាងសង់ឧបដ្ឋានសាលា ពលកម្មមហាសាមគ្គី និងដាំកូនឈើ នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ក្នុងខេត្តត្បូងឃ្មុំ


ឯកឧត្តម ផារ៉ា មង្គល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកក្រូចឆ្មារ បានប្រារព្ធពិធីក្រុងពាលី ចាក់សសរគោលសាងសង់ឧបដ្ឋានសាលា ពលកម្មមហាសាមគ្គី និងដាំកូនឈើ នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតនៅភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥។

នាឱកាសនេះ ឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រគេនជូន និងជូនដល់ព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទាំងអស់។ ជាមួយគ្នានេះ ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលតែងតែគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋអស់រយៈកាលច្រើនឆ្នាំកន្លងមកនេះផងដែរ។

ឯកឧត្តមបន្តថា កម្ពុជាធ្លាប់មានប្រវត្តិរុងរឿង ដោយសារការរួមកម្លាំងសាមគ្គីជាធ្លុងមួយ ហើយស្មារតីមហាសាមគ្គីនេះ មិនមែនទើបតែកើតឡើងនោះទេ តែបានដក់ជាប់ក្នុងក្រអៅបេះដូងកូនចៅខ្មែរគ្រប់ៗជំនាន់ ជាពិសេសស្មារតី២ធ្នូដែលមានយុទ្ធជនស្នេហាជាតិខ្មែរពីគ្រប់ទិសទី បានរួបរួមគ្នាបង្កើតជារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា រហូតផ្ដួលរំលំទាំងស្រុងនូវរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ឯកឧត្តម ផារ៉ា មង្គល បានសង្កត់ធ្ងន់ និងថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអ្នករៀបចំគម្រោងវាយប្រហារ និងអ្នកនៅពីក្រោយគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជាវីរជន និងរដ្ឋបុរសជាតិ ដែលជាសកម្មភាពភាវរកម្ម មិនអាចអត់ឱនឱ្យបាន ក្នុងគោលបំណងប៉ុនប៉ងធ្វើឃាត ថ្នាក់ដឹកនាំកំពូលរបស់ប្រទេសជាតិ សំដៅរុញច្រានមាតុភូមិកម្ពុជាឱ្យធ្លាក់ក្នុងគ្រោះអន្តរាយនៃសង្គ្រាមសាជាថ្មី។

ដូច្នេះយើងទាំងអស់គ្នាសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវយ៉ាងម៉ឺងម៉ាត់ និងឆាប់រហ័ស លើកពួកជ្រុលនិយម និងហិង្សានិយម ព្រមទាំងបក្សពួកដែលមានឧបាយកលកឧក្រិដ្ឋ បំពានច្បាប់ បម្រើមហិច្ឆតាផ្ទាល់ខ្លួន ជាន់ឈ្លីសន្តិភាព ស្ថិរភាព របស់ប្រទេសជាតិ ដើម្បីនាំបុគ្គលទាំងនោះមកផ្ដន្ទាទោសចំពោះមុខច្បាប់ឲ្យខានតែបាន។

បន្ថែមលើនេះ ឯកឧត្តម ផារ៉ា មង្គល ក៏សូមឱ្យការជួបជុំ និងការបញ្ចេញកម្លាំងពលកម្មមហាសាមគ្គីនៅទីនេះ បន្តដិតជាប់ក្នុងស្មារតី និងក្លាយទៅជាទម្លាប់ក្នុងការចូលរួមកសាងសមិទ្ធផល និងសាមគ្គីភាពសម្រាប់ភាពសុខដុមរមនាក្នុងសង្គមជាតិខ្មែរដរាបរៀងទៅ។

ទន្ទឹមនេះបន្ទាប់ពីប្រារព្ធពិធីក្រុងពាលី ចាក់សសរគោលសាងសង់ឧបដ្ឋានសាលា ពលកម្មមហាសាមគ្គី និងដាំកូនឈើរួចមក ក៏មានទទួលទានអាហារសាមគ្គីជុំគ្នាប្រកបដោយភាពសប្បាយរីករាយ និងជ្រះថ្លាក្រៃលែង៕