ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងទិសដៅការងារខែមីនា ឆ្នាំ២០២៥ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ជាអនុប្រធាន សមាជិកអចិន្ត្រៃយ៍ សមាជិកគណៈកម្មាធិការបក្សក្រសួងអភិវឌ្ឍន៍ជនបទសរុប ៦៧រូប។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ សមាជិកអចិន្រ្ដៃយ៍គណបក្សក្រសួង និងជាប្រធានគណៈឃោសនា អប់រំនៃគណៈកម្មាធិការគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ បានអានឯកសារជំនួយស្មារតីចំណុចសំខាន់មួយចំនួននៃសភាពការណ៍ ខែមករា និងទិសដៅការងារឃោសនាអប់រំ ខែកុម្ភៈ ឆ្នាំ២០២៥ របស់គណបក្សប្រជនកម្ពុជា។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍សំណេះសំណាល ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងពរសព្ទសាធុកាពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជាជូនចំពោះអង្គប្រជុំ ព្រមទាំងបានលើកឡើងស្ថានភាពនានាជុំវិញស្ថានភាពភូមិសាស្ដ្រនយោបាយរបស់សកលលោកដែលកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច។ ជាពិសេស ឯកឧត្ដម បានជម្រាបជូនអង្គប្រជុំ នូវតម្លៃនៃកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរបស់កម្ពុជា ជាពិសេស ការទប់ស្កាត់និងកំចាត់ចិលនោយបាយជ្រុលនិយមរបស់បក្សប្រឆាំងនិងក្រុមអគតិដែលប៉ុនប៉ងបង្កភាពចលាចល ឬការធ្វើបដិវត្តន៍ពណ៌ក្នុងគោលដៅផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយភាពប្រាកដនិយមរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រីហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្ដី។ ជាមួយគ្នានោះ ឯកឧត្ដម បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ក្រុមការងារគណបក្សក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទី ភារកិច្ច និងអញ្ជើញទៅដល់មូលដ្ឋានរបស់ខ្លួន ដើម្បីពង្រឹងមូលដ្ឋាន និងចិញ្ចឹមចលនាយ៉ាងសកម្ម ឈានឆ្ពោះទៅការពង្រឹង និងពង្រីកសមាជិកគណបក្សនៅតាមមូលដ្ឋានឱ្យបានកាន់តែរឹងមាំថែមទៀត។ មុននឹងបញ្ចប់ ឯកឧត្តម បានណែនាំដល់ក្រុមការងារគណបក្សក្រសួងទាំងអស់ត្រូវបន្ដយកចិត្តទុកដាក់លើកិច្ចការឃោសនាកម្មវិធីនយោបាយគណបក្ស ពង្រឹងសតិអារម្មរបស់សមាជិកគណបក្ស ទាំងនៅតាមសាខាគណបក្សក្រោមឱវាទគណបក្សក្រសួង និងតាមមូលដ្ឋានឃុំគោលដៅ តាមរយៈការអនុវត្តរបបចុះមូលដ្ឋាន របបប្រជុំឱ្យបានទៀងទាត់ ពិសេសការចុះដោយផ្ទាល់ដល់មូលដ្ឋានគណបក្សស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សាខាបក្សភូមិ និងក្រុមភូមិ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់សម្រាប់ការទទួលជ័យជម្នះ ក្នុងការបោះឆ្នោតនាពេលខាងមុខ៕