ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាវាគ្មិន ក្នុងវេទិកាសារព័ត៌មាន រៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា»


នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាវាគ្មិន ក្នុងវេទិកាសារព័ត៌មាន ក្រោមប្រធានបទ «ការគ្រប់គ្រងសក្តានុពលទឹក និងស្ថានភាពប្រព័ន្ធធារាសាស្ត្រកម្ពុជា» ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចែករំលែកនូវសារសំខាន់នៃតួនាទី និងភារកិច្ចរបស់ក្រសួងធនធានទឹក និងឧតុនិយម ដោយផ្តោតលើការងារជាអាទិភាពនិងទស្សនវិស័យក្នុងការអភិវឌ្ឍវិស័យធនធានទឹក និងឧតុនិយម ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

សូមជម្រាបថា ការរៀបចំវេទិកានេះគឺដើម្បីផ្តល់ឱកាសដល់បណ្តាញសារព័ត៌មានជាតិ និងអន្តរជាតិ បានសិក្សាស្វែងយល់កាន់តែទូលំទូលាយថែមទៀត និងបានសួរសំណួរផងដែរ ពាក់ព័ន្ធទៅនឹងតួនាទីភារកិច្ច សមិទ្ធផលសម្រេចបាន បញ្ហាប្រឈម ដំណោះស្រាយ ការគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យធនធានទឹក ដែលជាវិស័យមួយសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ហើយបានកំណត់យក ទឹក ជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ឱ្យដឹងថា ការងារទឹកមិនមែនជាការងារថ្មីទេ ក្នុងអាណត្តិមុនៗក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកសាងអាងទឹកតូចធំជាច្រើន ប្រឡាយមេនិងប្រឡាយរងខ្វាត់ខ្វែង ដើម្បីស្រោចស្រពដំណាំកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ គិតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានប្រព័ន្ធធារាសាស្ត្រចំនួន ២៣៥២ប្រព័ន្ធ ក្នុងនោះប្រព័ន្ធខ្នាតធំចំនួន ៥៦ប្រព័ន្ធ ខ្នាតមធ្យមចំនួន ១១៦៦ប្រព័ន្ធ និងខ្នាតតូចចំនួន ១១២២ប្រព័ន្ធ និងអាងទឹកខ្នាតធំចំនួន៨ ហើយបានបង្កើនលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ១ ៩៦៩ ៨៤៣ ហិកតា។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍គូសបញ្ជាក់ថា នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំ ចង្អុលបង្ហាញ និងមានយុទ្ធសាស្ត្រជាក់លាក់ឱ្យក្រសួងធនធានទឹក និងឧតុនិយម បន្តការកសាងអាងទឹកតូចធំ ការជួសជុល-ស្តារឡើងវិញ ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការសាងសង់ថ្មីនូវប្រព័ន្ធធារាសាស្ត្រពេញលេញគ្រប់ជ្រុងជ្រោយគ្រប់ខ្នាត ប្រព័ន្ធការពារទឹកជំនន់ និងទំនប់ការពារទឹកប្រៃ ដែលជួយកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិដែលបង្កឡើងដោយទឹក និងធានាដល់សន្តិសុខទឹក ដោយធ្វើការផ្គត់ផ្គង់ទឹកសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ ការងារបង្កបង្កើនផលស្រូវ និងដំណាំគ្រប់ប្រភេទ ដែលជាផ្នែកមួយជួយឱ្យសម្រេចនូវការអនុវត្តគោលនយោបាយជាតិស្តីពីសន្តិសុខស្បៀង និងយុទ្ធសាស្ត្រនាំស្រូវ-អង្ករចេញរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍បញ្ជាក់ពីអាទិភាពរបស់ក្រសួងក្នុងការពង្រឹង និងធ្វើទំនើបកម្មលើប្រព័ន្ធផ្ដល់ និងព្យាករណ៍សេវាជលសាស្រ្ត និងឧតុនិយម ក៏ដូចជាប្រព័ន្ធផ្តល់ដំណឹងជាមុនដល់សាធារណជន និងស្ថាប័នពាក់ព័ន្ធឱ្យបានទាន់ពេលវេលា ដើម្បីគាំទ្រដល់អន្តរវិស័យ រួមមានវិស័យកសិកម្ម ឧស្សាហកម្ម សំណង់ អាកាសចរណ៍ស៊ីវិល ទេសចរណ៍ និងនាវាចរណ៍ ក៏ដូចជាជួយកាត់បន្ថយផលប៉ះពាល់ដោយគ្រោះធម្មជាតិផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ខ្យល់ព្យុះ ការប្រែប្រួលអាកាសធាតុជាដើម៕