រដ្ឋបាលខេត្តស្ទឹងត្រែង ប្រារព្ធទិវាជាតិ «បង្ការ និងពន្លត់អគ្គិភ័យ» លើកទី៩ ដើម្បីរំលឹកពលរដ្ឋឲ្យបង្ការគ្រោះមហន្ដរាយ និងសង្គ្រោះជីវិត ទ្រព្យសម្បត្តិពីអគ្គិភ័យ


ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតី ក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ ស្ថិតនៅពហុកីឡាដ្ឋានខេត្តស្ទឹងត្រែង និងមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្រ្តីរាជការ កំលាំងប្រដាប់អាវុធទាំង៣ប្រភេទ សិស្សានុសិស្ស និងប្រជាពលរដ្ឋ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានថ្លែងថា ទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យដែលកំពុងប្រារព្ធធ្វើនាពេលនេះ គឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលបង្ហាញជូនប្រជាពលរដ្ឋ បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល បណ្តាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ក្នុងការបង្ការនូវមហន្តរាយ ដែលបង្កឡើងដោយអគ្គិភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ដថា គ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គិភ័យ មានឥទ្ធិពលខ្លាំងក្លា ណាស់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រោះថាទ្រព្យសម្បត្តិ សម្ភារ មាសប្រាក់ និងផ្ទះសម្បែង អាចនឹងត្រូវបំផ្លាញត្រឹមតែមួយប៉ព្រិចភ្នែក ដោយសារករណីអគ្គិភ័យនេះ ប្រសិនបើយើងខ្វះការប្រុងប្រយ័ត្ន និងមិនមានវិធានការទប់ស្កាត់ឲ្យបានត្រឹមត្រូវ។ ឯកឧត្តមអំពាវនាវ ក្រើនរំលឹកដាស់តឿន ប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះបញ្ហាអគ្គិភ័យ ដែលបញ្ហាអគ្គិភ័យនេះដូចពាក្យចាស់ពោលថា «ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ»

បន្ថែមពីនេះ ឯកឧត្តម សរ សុពុត្រា បានណែនាំអាជ្ញាធរក្រុង ស្រុកទាំង៦ ត្រូវពិនិត្យប្រព័ន្ធអគ្គិសនី និងបំពង់ពន្លត់អគ្គិភ័យ ត្រូវតែបំពាក់ឲ្យបានគ្រប់គ្រាន់នៅគ្រប់ផ្សារទាំងអស់ ដើម្បីទប់ស្កាត់បង្កឡើងដោយអគ្គិភ័យ ពីព្រោះថ្មីៗនេះគឺមានឆេះផ្សារជាច្រើននៅតាមបណ្តាខេត្តមួយចំនួន។

ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង បានថ្លែងថា ដើម្បីចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឡើងដោយគ្រោះអគ្គិភ័យ តាមរយៈយន្តការត្រៀមបង្ការ ផ្សព្វផ្សាយ ត្រៀមរៀបចំឆ្លើយតប និងសង្គ្រោះបន្ទាន់ បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា ទិវានេះនឹងក្លាយទៅជាកម្លាំងចលករដ៏មានសារៈសំខាន់ ក្នុងការចូលរួមបំផុសស្មារតី និងក្រើនរំលឹកដាស់តឿនដល់ប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឲ្យចូលរួមកាន់តែខ្លាំងក្លា និងសកម្មថែមទៀតក្នុងការអភិវឌ្ឍប្រព័ន្ធ សុវត្ថិភាពសង្គម និងការគ្រប់គ្រងគ្រោះមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យនេះ៕