សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅក្នុងឱកាសប្រារព្ធខួបលើកទី ១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

នៅសារលិខិតជូនពររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ដូចនេះថា «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥតឧបមានៃការ​ប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះសម្តេចកិត្តិសង្គហបណ្ឌិត សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពល មាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរពដោយស្មោះអស់ពីដួងចិត្ត និងការគោរពកោតសរសើរដ៏ខ្ពង់ខ្ពស់បំផុតចំពោះគំរូវីរភាពដ៏ប្រពៃថ្លៃថ្លារបស់ សម្តេចកិត្តិសង្គហបណ្ឌិត ដែលជាឥស្សរជនកំពូលជាតិស្ត្រីដ៏ឆ្នើមមួយរូប ដោយបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបានធ្វើពលិកម្មគ្រប់បែបយ៉ាង ក្នុងការរួមចំណែករំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ និងបានបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាច្រើនក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ ជារៀងរហូតមក។

ជាងនេះទៀតសម្តេចតែងតែខិតខំប្រឹងប្រែងលើកស្ទួយសិទ្ធិនារី និងតម្លៃស្ត្រី លើកកម្ពស់សីលធម៌សង្គម សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី និងក្មេងស្រីក្នុងសង្គមដែលធ្វើឱ្យស្ត្រីកម្ពុជាមានឱកាស ចូលរួមគ្រប់សកម្មភាពសង្គម។ ជាមួយគ្នានេះដែរ សម្តេចបានកំពុងចូលរួមវិភាគទានសំខាន់ៗជាច្រើនឥត ឈប់ឈរជាមួយរាជរដ្ឋាភិបាលក្នុងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ សំដៅបម្រើឧត្តមប្រយោជន៍ជាតិ ការលើកកម្ពស់ជីវភាព សុខុមាលភាពប្រជាជន និងការអភិវឌ្ឍប្រទេសជាតិ ឱ្យរីកចម្រើនជារៀងដរាបមក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕