សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ផ្ញើសារលិខិតជូនពរសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥


សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរសម្តេចធម្មវិសុទ្ធវង្សា សៅ ទី ហេងសំរិន នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។

នៅសារលិខិតជូនពររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ដូចនេះថា «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥត ឧបមានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមនាងខ្ញុំផ្ទាល់ នាងខ្ញុំ សូមសម្តែងនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា សូមបានប្រកបដោយសុខភាពល្អបរិបូរណ៍ កាយពលមាំមួន បញ្ញាញាណភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា ដែលតែងតែយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ក្នុងការរួមវិភាគទានយ៉ាងសំខាន់បម្រើការងារសង្គម និងបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និងជីដូនជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់បំផុត។

រយៈពេលកន្លងមកនេះ សម្តេចធម្មវិសុទ្ធវង្សា បានរួមដំណើរជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ គ្រប់កាលៈទេសៈដែលនាំមកនូវសមិទ្ធផលដ៏ធំធេង​ក្នុងកិច្ចសហការការពារអធិបតេយ្យជាតិ និងការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព និងសុវត្ថិភាពសង្គម ដើម្បី បុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចធម្មវិសុទ្ធវង្សា និងសម្តេចអគ្គមហាពញាចក្រី ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ៕