សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានផ្ញើសារលិខិតជូនពរលោកជំទាវ អ៊ូ សាន សាយឈុំ នៅក្នុងឱកាសប្រារព្ធខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប»។
នៅសារលិខិតជូនពររបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ដូចនេះថា «នៅក្នុងឱកាសដ៏មហាសិរីមង្គលាភិរម្យប្រសើរថ្លៃថ្លាបំផុត ប្រកបដោយសេចក្តីសោមនស្សរីករាយឥត ឧបមានៃការប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៥ ក្រោមប្រធានបទ «សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប» តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែង នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ ព្រមជាមួយអំណរសាទរយ៉ាងក្រៃលែង និងសូមប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវ សូមបានប្រកបដោយសុខភាពល្អប្រពៃ កាយពលមាំមួន បញ្ញាញាណ ភ្លឺថ្លា និងជន្មាយុយឺនយូរតរៀងទៅ»។
ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នាសូមសម្តែងនូវការគោរព និងកោតសរសើរ ដោយស្មោះអស់ពីដួងចិត្តចំពោះកិច្ចខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់របស់លោកជំទាវ ក្នុងការរួម ចំណែកបម្រើការងារសង្គម ការងារមនុស្សធម៌ និងបានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាភរិយាល្អ មាតាល្អ និង ជីដូនជាទីគោរពស្រលាញ់ដ៏ខ្ពង់ខ្ពស់ ជាពិសេសលោកជំទាវ បានរួមដំណើរជាមួយសម្តេចវិបុល សេនាភក្តី សាយ ឈុំ គ្រប់កាលៈទេសៈ ដែលបាននាំមកនូវសេចក្តីសុខសន្តិភាព ការកសាងអភិវឌ្ឍន៍ ប្រទេសជាតិជាទីស្រលាញ់នៃយើង ឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿនខ្លាំងក្លាឈានមុខឡើង តាមរយៈ ការលើកកម្ពស់នីតិរដ្ឋនៅកម្ពុជា លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស ការធ្វើកំណែទម្រង់ រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងសមិទ្ធផលសង្គមនានា ទាំងផ្នែក អាណាចក្រ និងពុទ្ធចក្រ ដើម្បីជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំង សម្រាប់ទុកជាកេរដំណែលដល់ប្រជាជនខ្មែរគ្រប់ជំនាន់។
ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះ លោកជំទាវ និងសម្តេចវិបុលសេនាភក្តី ព្រមទាំង ក្រុមគ្រួសារជាទីស្រឡាញ់ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ៕